UI_LongBanner

លិខិតមិត្តអ្នកអាន៖ «បញ្ហាពិភពលោកជាមេរៀន និងជាឱកាសសម្រាប់ខ្មែរ!»

55

ឆ្លងកាត់រឿងរ៉ាវជាច្រើនដែលកើតឡើងក្នុងពិភពលោក ជាពិសេសជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិករយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរ បានរៀនសូត្រយ៉ាងច្រើនពីពិភពលោក ។ មេរៀនទាំងនោះក៏បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន យល់កាន់តែច្បាស់អំពីល្បិចកិច្ចកលរបស់មហាអំណាច ហើយនាំគ្នាកែប្រែចិត្តគំនិតខុសពីមុន គឺប្រែពីចូលចិត្តពឹងបរទេស ចូលចិត្តអាងមហាអំណាច មកជាមានគំនិតពឹងលើខ្លួនឯងច្រើនជាងមុន។ នៅតាមតុកាហ្វេ ខ្ញុំកត់សំគាល់ឃើញមានការជជែកវែកញែកអំពីបញ្ហានេះយ៉ាងផុលផុស។

រូបខ្ញុំដែលជាអ្នកចូលចិត្តតាមដាន នយោបាយតាមតុកាហ្វេបានសង្កេតឃើញនិន្នាការប្រែប្រួលផ្នែកផ្នត់គំនិតគួរឲ្យកត់សម្គាល់បែបនេះជាច្រើនសប្តាហ៍មកហើយ។
កាលពីមុន អ្នកគាំទ្រនយោបាយតាមតុកាហ្វេចូលចិត្តនិយាយអួតអាងពីមហាអំណាច ចូលចិត្តលើកសរសើរអ្នកនយោបាយដែលឃោសនាប្រជាភិថុតិរឿងពឹងបរទេសឲ្យមកជួយខ្មែរ។

ប៉ុន្តែឥឡូវនេះ ពួកគេហាក់ភ្ញាក់ ខ្លួនហើយលាន់មាត់គ្រប់គ្នាថា ពិភពលោកនេះពិតជាពិសពុលមែន។ ពួកមហាអំណាចធ្វើនយោបាយដើម្បីតែផលចំណេញរបស់ខ្លួនជាធំ គឺមិនមែនគិតពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ធ ឬយុត្តិធម៌អ្វីឡើយ ពោលគឺឲ្យតែមានផលចំណេញ ដល់ពួកគេ ពាក្យថាប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ធ និង យុត្តិធម៌មិនត្រូវបានគេយកទៅប្រើឡើយ។ ផ្ទុយទៅវិញទីណាដែលគ្មានផលប្រយោជន៍ដល់ពួកគេ ពាក្យទាំងបួនម៉ាត់នេះត្រូវបានគេប្រើជាដំបងព្រនង់ដើម្បីវាយសំពង ដោយគ្មានរើសមុខ។

ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងជក់ចិត្តក្នុងការតាមដានព្រឹត្តិការណ៍ពិភពលោក បានយល់ឃើញថា ប្រទេសនីមួយៗត្រូវកាត់បន្ថយការពឹងពាក់លើបរទេស ហើយងាកមកពឹងលើខ្លួនឯងតាមអ្វីដែលអាចធ្វើទៅបាន។ ពលរដ្ឋខ្មែរពេលនេះបានផ្តើមមើលឃើញពីគ្រោះថ្នាក់នៃ នយោបាយពឹងលើបរទេស ហើយផ្តើមយល់ពីសារៈសំខាន់នៃពាក្យថាអធិបតេយ្យភាពជាតិ និងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពផ្ទៃក្នុងនៃជាតិខ្មែរ។ ចរន្តបែបនេះបានធ្វើឲ្យអ្នក នយោបាយដែលប្រើវិធីប្រជាភិថុតិចាស់គំរឹលតាមរយៈការពឹងលើបរទេស ហើយចង់បង្កភាពវឹកវរក្នុងសង្គមបាត់បង់ការគាំទ្រកាន់តែខ្លាំង ដែលមិនខុសពីខ្លែងដាច់ខ្សែកណ្តាលវេហានោះឡើយ។

បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបាន រៀនសូត្រពីបញ្ហាពិភពលោក និងបានមើលឃើញអនាគត ប្រទេសកម្ពុជាដូចខាងក្រោម៖

ទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេសជារឿងសំខាន់ជាងគេបំផុតសម្រាប់គ្រប់ប្រទេសទាំងអស់ពិសេសកម្ពុជាពីព្រោះសន្តិភាព និងស្ថិរភាពនយោបាយ គឺជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែរឹងមាំ អាចរស់បានដោយខ្លួនឯង និងឈានទៅកាត់បន្ថយការពឹងពាក់លើបរទេស។

ទី២៖ ការធ្វើនយោបាយដោយវៃឆ្លាតគឺជានយោបាយដែលចេះទាញយកចំណេញពីប្រទេសអ្នកមាន និងមហាអំណាច តាមដែលអាចធ្វើទៅបានដោយមិនរើសអើងថាជាលោកសេរី ឬលោកកុម្មុយនិស្តនោះឡើយ ពីព្រោះពួកមហាអំណាចទាំងឡាយក៏ជ្រើសរើសយកវិធីនេះដូចគ្នាដែរ ពោលគឺឲ្យតែបានផលចំណេញដល់ប្រទេសជាតិ និងប្រជាជន លុយគ្មានពណ៌ និងគ្មានក្លិនកុម្មុយនិស្ត ឬសេរីនោះឡើយ។ ការបន្តប្រកាន់ជំហរបែងចែកថា លោកសេរី ឬលោកកុម្មុយនិស្ត គឺជាគំនិតនយោបាយហួសសម័យ និងឆោតល្ងង់ដែលមិនស្របជាមួយនិន្នាការពិភពលោកបច្ចុប្បន្ននេះឡើយ។

CMA_LongBanner

ទី៣៖ កម្ពុជាមានហើយសន្តិភាព និងការអភិវឌ្ឍ។ ដូច្នេះអ្វីដែលកម្ពុជាត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នាដើម្បីជំរុញការអភិវឌ្ឍប្រទេសឲ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា ពោលគឺអ្នកណាចេះអ្វីជួយធ្វើតាមចំណេះជំនាញរបស់ខ្លួនដោយកិច្ចខិតខំប្រឹងប្រែង ស្រវាស្រទេញដើម្បីគ្រួសារផង និងជាតិផង។ ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ហើយចង់នាំប្រទេសទៅរកភាពវឹកវរ និងហិង្សា គឺជានយោបាយដើរថយក្រោយ ៤០ឆ្នាំ។ អ្វីដែលកើតឡើងនៅប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី ជាដើមគឺជាឧទាហរណ៍ជាក់ ស្តែងបំផុតនៃនយោបាយដៃ ភ្លើងជើងមាន់ដោយយកបរទេសជាទីពឹង។ លទ្ធផលចុងក្រោយគឺសោកនាដកម្ម ដែលពិបាកស្តារពោលគឺមិនខុសពីសុភាសិតបូរាណខ្មែរថា «ចាក់អង្ករដូរយកអង្កាម» នោះឡើយ។

ទី៤៖ ការអភិវឌ្ឍន៍ប្រទេសក្នុងសម័យបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន ត្រូវការភាពវៃឆ្លាត បត់បែនឲ្យទាន់សភាពការណ៍របស់អ្នកនយោបាយនិងមេដឹកនាំ ដើម្បីទាញប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន ជាពិសេសក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចកំពុងផ្ទុះឡើង។
ក្នុងន័យនេះ កម្ពុជាគួរចាប់យកឱកាសមាស ឱកាសពេជ្រដែលកំពុងកើតឡើងចេញពីបច្ច័យនៃ ជម្លោះពាណិជ្ជកម្មនេះ។ ផ្ទុយទៅវិញ អ្នកនយោបាយណា ដែលដើរបញ្ច្រាសនឹងផលប្រយោជន៍ជាតិដោយមិនត្រឹមតែមិនចាប់យកឱកាស សម្រាប់រកផលចំណេញជូនជាតិ តែបែរជាព្យាយាមបំផ្លាញសន្តិភាពនិងស្ថិរភាពនយោបាយក្នុងប្រទេសទៅវិញ ត្រូវចាត់ទុកជាអ្នកនយោបាយចង្រៃបំផុតលើលោកនេះ។

ទាំងអស់នេះគឺជាទស្សនៈទានថ្មីៗ ដែលប្រជាជនកម្ពុជាយល់ច្បាស់ហើយកំពុងផ្តល់ការគាំទ្រពេញទំហឹងដល់នយោបាយឆ្លាតវៃរបស់រដ្ឋាភិបាលដែលកំពុងស្រវាស្រទេញចាប់យកប្រយោជន៍សម្រាប់ប្រទេសជាតិ។

ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការធុញទ្រាន់ទ្រលាន់ ជ្រេញនឹងអ្នកនយោបាយមួយក្រុមដែល កំពុងធ្វើសកម្មភាពតាមបែបឧទ្ទាមចោរព្រៃដែលមួយថ្ងៃៗគិតតែពីញុះញង់ ចាក់រុក ធ្វើឲ្យសង្គមបែកបាក់ធ្លាក់ក្នុងភាពវឹកវរជាថ្មី ខណៈដែលមេដឹកនាំរដ្ឋាភិបាលកំពុងស្វះស្វែងរកផលប្រយោជន៍ជូនជាតិនិងប្រជាជនពីគ្រប់ច្រកល្ហកនៃពិភពលោក។

សកម្មភាពផ្ទុយគ្នាស្រឡះរវាងរដ្ឋាភិបាល និងក្រុមអ្នក នយោបាយឧទ្ទាមបាននិងកំពុងក្លាយជាពន្លឺដែលបំភ្លឺដួងចិត្តខ្មែរគ្រប់រូបឲ្យមើលឃើញកាន់តែ ច្បាស់ថាអ្នកណាជាអ្នកខិតខំរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងជំរុញការអភិវឌ្ឍន៍ប្រទេស ហើយអ្នកណាជាអ្នកខំបំផ្លាញ។ និយាយជារួម ប្រជាពលរដ្ឋខ្មែរពេលនេះបានភ្លឺភ្នែកកាន់តែ ច្បាស់ និងបានស្គាល់ក្រយៅអ្នកនយោបាយកាន់តែច្បាស់ដូចបាតដៃ ហើយពួកគេកំពុងឈរយ៉ាងរឹងមាំនៅខាងអ្នកការពារ និងកសាង ដោយច្រានចោលទាំងស្រុងអ្នកដែល កំពុងប៉ុនប៉ងបំផ្លាញភាព សុខសាន្តរបស់ប្រទេសជាតិ។ នេះគឺជាផ្នត់គំនិតថ្មីរបស់ពលរដ្ឋខ្មែរដែលអ្នកនយោបាយមិនអាចមើលរំលងបានឡើយ។ អ្នកមើលរំលងហើយដើរ បញ្ច្រាសពីនិន្នាការនេះនឹងទទួលការឈឺចាប់យ៉ាងជូរចត់ និងយ៉ាងអាម៉ាស់ជាក់ជាមិនខាន៕

 

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close