UI_LongBanner

លិខិតមិត្តអ្នកអាន៖ «ស្ថានភាពចុះទឹកក្រពើឡើងលើខ្លា» រុញឲ្យ សម រង្ស៊ី កើតជំងឺសរសៃប្រសាទ!»

276

ក្នុងមួយរយៈចុងក្រោយ ហើយជាពិសេស ព្រឹកមិញនេះ នៅពេលដែលខ្ញុំអាននូវអ្វីដែលជាសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃប្រភេទមនុស្ស ដែលមានជម្ងឺសរសៃប្រសាទដែលនិយាយលែងដឹងខុសត្រូវ និងអង្គុយប្រឌិតរឿងខុសទំនងគ្មានឡូហ្ស៊ីកគួរឲ្យសង្វេគជាពន់ពេក។ ស្ថានភាពនេះ ក៏បានធ្វើឲ្យក្រុមអ្នកតាមដាននយោបាយកម្ពុជាហើយក៏អាចរាប់បញ្ចូលទាំងក្រុមអ្នកចេះដឹងជុំវិញខ្លួន សម រង្ស៊ី ដែលធ្លាប់គាំទ្របុគ្គលនេះពីមុន បែរជាអស់ទឹកចិត្តក្នុងការគាំទ្របន្តទៀត ពីព្រោះ អ្នកនយោបាយប្រភេទ សម រង្ស៊ី នេះ គឺគ្មានឃើញបង្ហាញគោលនយោបាយអ្វីដើម្បីចាកចេញពីបញ្ហាឡើយក្រៅតែពីអង្គុយ និងដេករវើរវាយប្រឌិតរឿងឥតប្រយោជន៍ និងខុសទំនង។

ស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តរបស់ សម រង្ស៊ី បានកើតឡើងដោយសារសម្ពាធយ៉ាងធ្ងន់ដែលកំពុងគ្របសង្កត់ទៅលើបុគ្គលរូបនេះរហូតធ្វើឲ្យគាត់វង្វេង
ស្មារតី ដេកមិនលក់ បក់មិនល្ហើយ គិតមិនចេញ និងដើរទាល់ច្រក ធ្វើឲ្យរោគចិត្តរើឡើងវិញកាន់តែធ្ងន់ធ្ងរៗជាលំដាប់។ សម្ពាធធំៗ ដូចភ្នំព្រះសុមេរុដែលកំពុងតែសង្កត់លើ សម រង្ស៊ី មានជាអាទិដូចខាងក្រោម៖

សម្ពាធទី១ គឺសម្ពាធពីអ្នកគាំទ្រ៖ សម រង្ស៊ី បានដើរប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសបានយ៉ាងច្រើនក្រោមហេតុផលថា ដើម្បីយកទៅរៀបចំដំណើរវិលត្រឡប់របស់គាត់មកកម្ពុជាវិញ។ មនុស្សម្នាជាច្រើនក៏ដឹងដែរថា សារជាតិរបស់ សម រង្ស៊ី គឺខ្លាចការលំបាកវេទនា បើ និយាយអោយចំ គឺជាអ្នកនយោបាយខ្លាចគុកណាស់។ដូច្នេះ អ្វីដែលគាត់ប្រកាសពីផែនការចូលស្រុកនេះ គឺធ្វើទាំងបង្ខំចិត្ត ដោយសារទទួលសម្ពាធពីអ្នកគាំទ្រខ្លាំងពេក។

មុនដំបូង សម រង្ស៊ី ចង់ប្រើឱកាសនេះដើម្បីប្រមូលលុយដូចដែលគាត់ធ្លាប់ធ្វើរយៈពេលជាង ២០ឆ្នាំមកហើយ។ បន្ទាប់មក គាត់ចង់ប្រើល្បិចបង្វែរទំនួលខុសត្រូវដែលគាត់ប្រកាសថា នឹងចូលមកចាប់លោក ហ៊ុន សែន ទៅឲ្យប្រជាពលរដ្ឋអ្នកគាំទ្រគាត់វិញ ពោលគឺគាត់ងាកមកប្រកាសថា គឺមិនមែនគាត់ទេដែលទៅចាប់លោក ហ៊ុន សែន តែជាភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

រយៈពេលជាច្រើនខែមកនេះ សម រង្ស៊ី បានរៀបចំផែនការ បំផុសចលនាឲ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកសាងបណ្តាញតាមរយៈការជួបជុំ«ស៊ីនំបញ្ចុក»។ ប៉ុន្តែ រាល់សកម្មភាពទាំងនេះត្រូវបានអាជ្ញាធរតាមដាន និងក្តាប់បានដូចបាតដៃ ហើយក៏បានបំបែកផែនការ «ស៊ីនំបញ្ចុក» នេះចោលទាំងស្រុង។ ដោយក្តីអស់សង្ឃឹម សម រង្ស៊ី ងាកមកស្រែកអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងសម្ដេចតេជោ ហ៊ុន សែន។

បន្ថែមពីលើនេះ សម រង្ស៊ី បានយកល្បែងចាស់គំរឹលមួយដែលគាត់ធ្លាប់លេងដោយគ្មានប្រសិទ្ធភាពជាច្រើនទសវត្សរ៍មកហើយនោះមកលេងបន្តទៀតដើម្បីកំដរឆាកកុំឲ្យស្ងាត់ពេក។ នោះគឺការព្យាយាមបំបែកគណបក្សប្រជាជនកម្ពុជា រហូតដល់ដេករកនឹកប្រឌិតរឿងជាបន្តបន្ទាប់ដោយម្តងប្រឌិតរឿងសម្ដេច ស ខេង ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយឥឡូវងាកមកប្រឌិតរឿងលោក ហុក ឡងឌី វិញម្តង។ ប៉ុន្តែ កំណត់ត្រាក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ថា ទំងន់ដៃ របស់ សម រង្ស៊ី ស្រាលដូចជាសំឡីដែលព្យាយាមទប់ និងផ្តួលសម្ដេចតេជោ ហ៊ុន សែន ដែលមានទំងន់ជើងធ្ងន់ដូចជើងដំរី។

ដូច្នេះ ខ្ញុំយល់ថា ទោះជា សម រង្ស៊ី ប្រើពេលប៉ុន្មានជីវិតរបស់គាត់ក៏មិនអាចទៅរួចដែរ។ ហើយឥឡូវនេះ ពេលវេលាចេះតែទៅមុខ គឺនៅសល់តែ ៦ខែទៀតប៉ុណ្ណោះគឺដាច់ឆ្នាំ២០១៩ ហើយ។ ឆ្នាំ២០១៩ ជាឆ្នាំដែល សម រង្ស៊ី សន្យាថា នឹងវិលចូលស្រុកវិញទៅចាប់សម្ដេចតេជោ ហ៊ុន សែន។ តែរហូតមកទល់ថ្ងៃនេះគ្មានឃើញពន្លឺសូម្បីតែបន្តិចថា គាត់អាចហ៊ានវិលចូលស្រុកវិញ។

សម្ពាធទី២៖ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ពីទីក្រុងតូក្យូកាលពីសប្តាហ៍មុនថា លោកកំពុងរង់ចាំស្វាគមន៍សង្គ្រាមមួយពីក្រៅប្រទេស និងបានបញ្ជាក់ជំហរច្បាស់លាស់ដាច់ខាតថា នឹងមិនមានការបន្ធូរបន្ថយណាមួយទេ ដរាបណាពួកគេមិនប្រកាសចាញ់សង្គ្រាមនេះ។ តាមសេចក្តីប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នេះអាចធ្វើឲ្យ សម រង្ស៊ី ដាច់ផ្ងារ ពីព្រោះពិតជាមិនមែនជារឿងធម្មតាឡើយ ដែលសម្ដេចតេជោ បានប្រើប្រាស់សន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីនៅទីក្រុងតូក្យូ ដើម្បីប្រកាសឲ្យពិភពលោកបានដឹងលឺជាមុនអំពីសង្គ្រាមដែលក្រុមប្រឆាំងជ្រុលនិយមកំពុងប៉ុនប៉ងធ្វើនៅកម្ពុជា ហើយជាពិសេសអាចសម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យប្រទេសជប៉ុនដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្វើជាសាសក្សី។

មែន! បញ្ហានេះពិតជាបានធ្វើឲ្យលោក សម រង្ស៊ី ញ័រមាត់ហើយប្រញាប់ទៅប្រកាសតាមវិទ្យុអាស៊ីសេរីថា ខ្លួនមិនបានធ្វើសង្គ្រាមទេ។ ប៉ុន្តែ មនុស្សយើងច្បាស់ជាយល់ហើយថា ប្រសិនបើមានមេទ័ពដ៏កំសាកម្នាក់ស្រាប់តែទៅប្រកាសប្រាប់កូនទាហានដ៏សំគមរបស់ខ្លួនថា យើងត្រូវលើកទ័ពទៅចាប់មេទ័ពដែលជាគូសត្រូវនៅក្នុងជំរុំដ៏រឹងមាំមួយ ហើយប្រាប់គេឯងថា យើងមិនទៅធ្វើសង្គ្រាមទេ? តើមេទ័ពរូបនោះជាអ្វី? ច្បាស់ណាស់ថា គ្រប់គ្នាច្បាស់ជាអស់សំណើច ហើយដៀលថា ជា «មេទ័ពចំកួត» ជាមិនខានឡើយ។

អ្នកវិភាគជាច្រើនបានមើលឃើញដូចខ្ញុំដែរថា ជប៉ុនទំនងជាបានរៀបចំដាវឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រើដើម្បីស្កាត់ផ្លូវលោក សម រង្ស៊ី ហើយមើលទៅ ពីព្រោះក្នុងចំណោម៣សំណួរ ដែលចោទសួរទៅកាន់លោក នាយករដ្ឋមន្ត្រី ក៏មានសំណួរមួយ និងជាសំណួរចុងក្រោយគេពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។ សំណួរនេះត្រូវគេមើលឃើញថា ជាឱកាសពេជ្រ សម្រាប់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបកស្រាយ។

ជាដំបូង លោកនាយករដ្ឋមន្ត្រីលើកបញ្ហានៅអូទ្រីសដែលកំពុងកើតមានរឿងក្តៅគគុកពាក់ព័ន្ធនឹងអ្នកនយោបាយលក់ក្បាលឲ្យបរទេសដែលមេដឹកនាំអឺរ៉ុបធំៗ បានថ្កោលទោសពេញៗមាត់ ដល់អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេស ហើយកំពុងចាត់វិធានការយ៉ាងក្តៅគគុក។ បញ្ហានេះក៏បានធ្វើឲ្យលោកខាងលិច ជាពិសេសសហភាពអឺរ៉ុបរឹងថ្គាមនិយាយលែងចេញ ពីព្រោះខ្លួនកំពុងដាក់សម្ពាធមកលើកម្ពុជា ខណៈដែលរឿងដូចគ្នាស្រាប់តែកើតមានឡើងនៅលើទឹកដីរបស់ខ្លួន។ ហើយរឿងមួយនេះក៏អាចឲ្យកម្ពុជាប្រើប្រាស់ដើម្បីការពារ EBA បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ឱកាសពេជ្រម្យ៉ាងទៀតសម្រាប់សម្ដេចតេជោ ហ៊ុន សែន គឺការប្រកាសរង់ចាំសង្គ្រាមពីក្រុមឧទ្ទាមក្រៅច្បាប់មកពីក្រៅប្រទេស។ សម្ដេចតេជោ ដឹងច្បាស់ណាស់ថា មនុស្សកំសាកដូច សម រង្ស៊ី មិនហ៊ានវិលចូលស្រុកដូចការឃោសនាបោកប្រាស់នោះឡើយ។ ប៉ុន្តែ ការប្រកាសចងក្រឡាទុកមុនតាមរបៀប «រុញស៊ីក្លូបញ្ចូលឡាន»ជារឿងចាំបាច់ដែលធ្វើឲ្យ សម រង្ស៊ី ទាល់ច្រកខំប្រកាសបដិសេធ ទាំងញ័រមាត់។

សម្ពាធទី៣៖ ឥឡូវនិយាយពីសេណារីយោក្នុងការវិលត្រឡប់របស់ សម រង្ស៊ី៖ គេមិនបានមើលឃើញថាសេណារីយោណាមួយអាចទៅរួចនោះឡើយ។

សេណារីយោទី១៖ គឺការវិលត្រឡប់វិញតាមផ្លូវគោក គឺមិនអាចទៅរួចឡើយ ពីព្រោះទាំងថៃ ទាំងវៀតណាមដែលជាប្រទេសជិតខាងនិងជាមិត្តរបស់កម្ពុជា ច្បាស់ជាមិនអនុញ្ញាតឲ្យ សម រង្ស៊ី យកទឹកដីរបស់គេធ្វើសកម្មភាព ប្រឆាំងរដ្ឋាភិបាលអធិបតេយ្យមួយនោះឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាការប្រកាន់ជំហរទ្វេភាគីរវាងកម្ពុជា និងប្រទេសជិតខាងផងដែរ។ ដូច្នេះ បើសម រង្ស៊ី ហ៊ានជាន់ដីថៃ ឬវៀតណាមច្បាស់ជាអាជ្ញាធរប្រទេសនោះចាប់បញ្ជូនខ្លួនមកឲ្យកម្ពុជាជាក់ជាមិនខាន។

សេណារីយោទី២៖ ការវិលត្រឡប់តាមផ្លូវអាកាស៖ មិនថា យន្តហោះ សម រង្ស៊ី ជិះចេញពីទីណារឺរបស់អ្នកណាឡើយ នៅពេលឆ្លងចូលក្នុងដែនអាកាសកម្ពុជា គឺត្រូវស្ថិតក្រោមការត្រួតត្រារបស់អាជ្ញាធរកម្ពុជាទាំងស្រុង។ អាជ្ញាធរអាចបញ្ជាឲ្យយន្តហោះនោះទៅចុះចតនៅព្រលានណាមួយស្ងាត់ ហើយឡើងទៅចាប់ខ្លួនទណ្ឌិតរូបនេះ បានហើយដាក់ឡានយកទៅញាត់គុកនៅទីណាមួយដោយគ្មានអ្នកណាដឹងឡើយ។ ទីបំផុត យន្តហោះដឹក សម រង្ស៊ី វិលមកចុះចតនៅភ្នំពេញដោយគ្មាន សម រង្ស៊ី មកជាមួយឡើយ។ ហើយដូច្នេះសូម្បីតែសកម្មជនរបស់ខ្លួននៅកម្ពុជា ក៏មិនដឹងថា មេខ្លួននៅទីណាផង។

សម្ពាធទី៤៖ មធ្យោបាយដែលអាចអនុញ្ញាតឲ្យ សម រង្ស៊ី វិលចូលស្រុកបានដោយគ្មានការចាប់ខ្លួន គឺមានតែការសុំអង្វរ សុំទោសពីសម្ដេចតេជោ ហ៊ុន សែន ដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែម្តងនេះ មិនថា តែខ្ញុំនោះទេ គឺសូម្បីតែប្រជាពលរដ្ធទូទៅក៏ដូចជាអ្នកគាំក្រុមប្រឆាំងក៏គេ គ្មានការសង្ស័យហើយក៏ជឿថា សម្ដេចតេជោ ហ៊ុន សែន ទំនងជាលែងចិត្តទន់ចាញ់បោកសម រង្ស៊ី ដូច មុនៗទៀតហើយ ពីព្រោះការអត់ឱនទោសឲ្យម្តងជាពីរដងត្រូវបាន សម រង្ស៊ី រមិលគុណហើយវាត់កន្ទុយនៅទីបំផុត។ ដូច្នេះលទ្ធភាពនេះ ក៏ច្បាស់ជាមិនអាចទៅរួចដែរ ហើយជាពិសេស នៅពេលនេះ គឺសហគមន៍អន្តរជាតិវិញ គេក៏កំពុងខ្វល់ខ្វាយពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

សរុបទៅ សម រង្ស៊ី ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព «ចុះទឹកក្រពើឡើងលើខ្លា» មានន័យថា បើសម្រេចចិត្តវិលចូលស្រុកដូចការប្រកាសយ៉ាងសឿងបឿងនោះ មិនខុសពីដើរមកឲ្យអាជ្ញាធរចាប់ញាត់គុកដោយស្រួលៗនោះឡើយគឺមិនដូចជាអ្វីដែល សម រង្ស៊ី ប្រកាសថា មកចាប់សម្ដេចតេជោ ហ៊ុន សែន នោះឡើយ។ ម្យ៉ាងទៀត បើហ៊ានជាប់គុកមែន ច្បាស់ជានឹងត្រូវក្រុម កឹម សុខា និយម តិះដៀលវិញហើយព្រោះ សម រង្ស៊ី ធ្លាប់តិះដៀល លោក កឹម សុខា ថា ជាប់គុកឥតប្រយោជន៍ និងធ្លាប់ដៀលលោក កែម ឡី ថា ស្លាប់មិនបានការ។ ប៉ុន្តែ បើ សម រង្ស៊ី មិនចូលស្រុកឲ្យទាន់ឆ្នាំ២០១៩ ទេ ច្បាស់ជាត្រូវអ្នលគាំទ្រតិះដៀលថាកំសាក បោកប្រាស់ ហើយក៏ធ្វើអោយខ្លួនកាន់តែបាត់បង់តំលៃពោលគឺ«ទឹកមាត់លែងប្រៃ»។

ខ្ញុំក៏បានកត់សំគាល់ឃើញផងដែរថា ឥឡូវនេះ សម រង្ស៊ី ពឹងផ្អែកតែលើព័ត៌មានក្លែងក្លាយ និងការប្រឌិតរឿងទាំងស្រុងដើម្បីធ្វើជាអាវុធនយោបាយដែលជាវិធីសាស្ត្រ ពិភពលោកទាំងមូលបាននិងកំពុងស្អប់ខ្ពើម និងប្រឆាំង។ ហើយនេះ គឺជាស្ថានភាពទាល់ច្រក អស់សង្ឃឹម ថប់អារម្មណ៍របស់ សម រង្ស៊ី រហូតធ្វើឲ្យរោគចិត្តដែលមានជាប់ខ្លួនស្រាប់ធ្លាក់ចូលក្នុងសភាពនៃ ប្រភេទអ្នកជម្ងឺសរសៃប្រសាទ។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទដែលជាប់ទាក់ទង
Open

Close