UI_LongBanner

ក្រសួងការបរទេសកម្ពុជាបន្តប្រតិកម្មថា សម្តីនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានកម្ពុជា» គឺជាការប្រឆាំង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ

297

ភ្នំពេញ​៖​ ប្រតិកម្មដូចគ្នាជាមួយ សម្ដេច​តេជោ​ ហ៊ុន សែន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសម្តីរបស់ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រឆាំងទៅនឹង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែល នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ Facebook របស់លោក កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។

ពេលនោះ លោក លី ស៊ានឡុង បានលើកឡើងថា៖ «ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេល ដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម…»។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ការលើកឡើងក្នុងសារនេះ បានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះ សិង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញ។ សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងបានធ្វើជាច្រកផ្គត់ផ្គង់សម្ភារៈយោធា ដល់កម្លាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិត របស់ប្រជាជនកម្ពុជា ១០ឆ្នាំ ថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ»។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា «ការលើកឡើងនេះពិតជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ»។

សូមបញ្ជាក់ថា សម្ដេច​តេជោ​ហ៊ុន សែន នៅរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសិង្ហបុរីថា មេដឹកនាំសិង្ហបុរីបានចូលរួមចំណែក សម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?

សម្តីរបស់ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ ក៏ទទួលបានការប្រតិកម្មពីវៀតណាមផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈ នៅថ្ងៃទី៤ ខែមិថុនាថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី «មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្ត ដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»។

តាមរយៈគេហទំព័រក្រសួរការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។

«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះ ត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ» ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close