UI_LongBanner

គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

50

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

សេចក្ដីថ្លែងការណ៍ខាងលើ បានបញ្ជាក់ទៀតថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់រូបដែលជាអង្គបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនានា ដោយភាពឯករាជ្យ និងការទទួលខុសត្រូវខ្ពស់ ក្នុងបរិយាកាសនយោបាយអព្យាក្រឹត និងសុវត្ថិភាព។ នេះជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តដំណើរទៅមុខឥតងាករេ នៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យសេរី ពហុបក្ស និងអភិវឌ្ឍន៍។

គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឧឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ លទ្ធផលនៃការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាជនកម្ពុជា តាមរយៈសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងពេញច្បាប់របស់ខ្លួន នៅគ្រប់មូលដ្ឋាន ក្នុងការគាំទ្រ និងការផ្តល់ជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំនៅថ្នាក់ក្រោមជាតិជាបន្តទៀត។

CMA_LongBanner

គណបក្សប្រជាជនកម្ពុជា សូមសម្តែងការគោរព និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់សមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សកាន់តែមានលទ្ធភាពថែមទៀត ដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិជាពិសេស ការអភិវឌ្ឍរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់នីមួយៗ ឲ្យឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជា សូមសម្តែងការគោរព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការបោះឆ្នោតគ្រប់ថ្នាក់ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាពលើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា មានជំនឿជឿជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងចូលកាន់តំណែង នៅពេលខាងមុខនេះ នឹងរួមសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ហើយយកអស់កម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបម្រើប្រជាជន។ គណបក្សសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល ក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនខ្លាំងឡើងលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close