UI_LongBanner

កម្ពុជា បានស្នើឱ្យម៉ាឡេស៊ី ជួយទិញអង្ករពីកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត

38

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលការជួបសម្តែងការគួរសមពី លោក Eldeen Husaini BIN MOHD HASHIM (អ៉ីលឌាន ហាសានី ប៊ីន មុនហាហ្សីម) ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៉ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងក្រសួងការបរទេស។

នេះបើយោងតាម ការបញ្ជាក់ពីលោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនោះ ប្រមុខការទូតកម្ពុជា បានស្នើឱ្យម៉ាឡេស៊ី ជួយទិញអង្ករពីកម្ពុជា កាន់តែច្រើនឡើងថែមទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបព្រឹកមិញនេះ លោកស្រី ទួត បញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាពាណិជ្ជកម្មអង្ករពីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានអរគុណដល់ម៉ាឡេស៉ី ដែលបាននាំអង្ករកម្ពុជា ចូលទៅប្រទេសម៉ាឡេស៉ី មានជាង៤ម៉ឺនតោននៅឆ្នាំ២០១៨។ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសុំឱ្យភាគីម៉ាឡេស៉ី នាំចូលអង្ករពីកម្ពុជា ឱ្យកាន់តែច្រើនជាងនេះថែមទៀត»។

អនុរដ្ឋលេខាធិការក្រសួងការបរទេស បានបន្តថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកស្រីថ្លែងថា នៅក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មជាមួយម៉ាឡេស៉ី មានចំនួនប្រហែល ៤១១លានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មបានកើនដល់ ៤៧៤លានដុល្លារអាមេរិក។

CMA_LongBanner

លោកស្រី ទួត បញ្ញា បានថ្លែងទៀតថា បើទោះបីជាទំហំពាណិជ្ជកម្មនេះ មានការកើនឡើងយ៉ាងនេះក្តី ក៏ភាគីទាំងពីរនៅតែមើលឃើញមានចន្លោះខ្វះខាតខ្លះ ដែលត្រូវជួយគ្នាលើវិស័យពាណិជ្ជកម្ម និងវិនិយោគនេះ។ នៅក្នុងជំនួបនេះ ប្រមុខការទូតកម្ពុជា ក៏បានស្នើសុំឱ្យជំរុញការចរចាកិច្ចព្រមព្រៀង ស្តីពីការយកពន្ធត្រួតគ្នា ដែលមកដល់ពេលនេះភាគីទាំងពីរ បានចរចាឯកគ្នាលើមាត្រាជាច្រើន ប៉ុន្តែអត់ទាន់បានបញ្ចប់ អញ្ចឹងភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការចរចា ដើម្បីឈានទៅលើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។

លោកស្រីថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ម៉ាឡេស៉ី ដែលបានជួយផ្តល់អាហាររូបករណ៍ ហ្វឹកហ្វឺនមន្ត្រីកម្ពុជាជាង១ពាន់នាក់។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីថ្មីប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលខ្លួនគ្រោងនឹងបង្កើនចំនួនអាហាររូបករណ៍ ដើម្បីលើកស្ទួយវិស័យអប់រំដល់កម្ពុជាផងដែរ។

ទាក់ទិននឹងបញ្ហាពលករកម្ពុជា ដែលកំពុងធ្វើការងារនៅប្រទេសម៉ាឡេស៉ី ប្រមុខការទូតកម្ពុជាក៏ថ្លែងអំណរគុណម៉ាឡេស៉ីផងដែរ។ ជាមួយគ្នានេះ ទូតថ្មីរបស់ម៉ាឡេស៉ី បញ្ជាក់ថា ការសម្រួលលទ្ធភាពការងារដល់ពលករកម្ពុជា ជាអាទិភាពនយោបាយមួយរបស់រដ្ឋាភិបាលម៉ាឡេស៉ី ដែលត្រូវលើកស្ទួយពលករបរទេស៕

អត្ថបទដែលជាប់ទាក់ទង
Open

Close