UI_LongBanner

សម្ដេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបបទល្មើសលាងលុយកខ្វក់ ឱ្យបានខ្លាំងក្លា…

111

ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ឱ្យបានខ្លាំងក្លា ខណៈប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាសតែងតាំង ឯកឧត្ដម ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានី អាណត្ដិទី៣ នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំបេញ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ថ្មីៗនេះកម្ពុជាធ្លាប់បានបង្ក្រាបជាបន្តបន្ទាប់ នូវការនាំចូលលុយដ៏ច្រើន នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តផងដែរ។ សម្ដេចក្រឡាហោម បានបន្តថា រឿងលាងលុយឥឡូវនេះកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះ ត្រូវបានគេចាំឃ្លាំមើល ព្រោះមួយជំហានទៀតវានឹងទៅជាពណ៌ខ្មៅ បើសិនណាយើងមិនយកចិត្តទុកដាក់។

សម្ដេចក្រឡាហោមយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ មានតែមនុស្សមួយក្រុមទេ ប៉ុន្ដែបើស្លាប់ គឺស្លាប់ប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសពណ៌ខ្មៅលាងលុយ យើងនឹងប្រឈមការលំបាក។ សម្ដេច បានបញ្ជាក់ទៀតថា ប្រសិនបើ ស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់ ដើម្បីមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែងតែម្តង។

សម្ដេចក្រឡាហោមក៏បានក្រើនរម្លឹកថា អ្នកដែលប្រព្រឹត្តបទល្មើសនេះ គឺពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close