UI_LongBanner

កម្ពុជា-វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារ 

39

រយៈពេល៥ខែ ឆ្នាំ ២០១៩នេះ កម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារអាមេរិក រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ មានតែប្រមាណ ២.០០០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០០ លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ ពីគយវៀតណាម ដែលបានចេញផ្សាយថ្មីៗឲ្យដឹងថា នៅ៥ខែ ដំបូងឆ្នាំ ២០១៩នេះ ពោលគឺ ចាប់ពីខែ មករា ដល់ខែឧសភា កន្លងទៅ​ កម្ពុជាបាននាំចេញ​ទៅវៀតណាមសម្រេច​បានជាង ៥៦០ លានដុល្លារអាមេរិក ពោលគឺបាន​កើនឡើង​ជាង ៦០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ ២០១៨។

ជាមួយគ្នានេះ នៅ៥ខែដូចគ្នានេះដែរ វៀតណាម ក៏បាន​នាំចូលមក​កម្ពុជា​វិញ មានជាង ១.៧០០ លានដុល្លារអាមេរិកឯណោះ ដែលបាន​កើនឡើងខ្ពស់ជាង ៥ខែដំបូង កាលពីឆ្នាំ២០១៨ ប្រមាណជាង ២៨០ លានដុល្លាអាមេរិក។

ក្នុងនោះ ផលិតផល​សំខាន់ៗ​ដែលវៀតណាម នាំចូលកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌ​និងសម្លៀកបំពាក់ និងផលិតផល​កសិកម្ម​ជាច្រើនទៀត ដូចជា​ត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗជាច្រើនទៀត។
រីឯ ផលិតផល ដែល​កម្ពុជា​នាំចេញទៅវៀតណាម វិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផល​ធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផល​ជាច្រើនមុខ​ទៀត។

CMA_LongBanner

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និងវៀតណាម សម្រេចបាន​ដល់ ជាង ៤.៦០០ លានដុល្លារអាមេរិក កើនឡើង​ជាង ២៣% ធៀបនឹង​ឆ្នាំ ២០១៧។ ក្នុងនោះ វៀតណាម​នាំចូលមកកម្ពុជា មានប្រមាណ ៣.៧០០ លានដុល្លារអាមេរិក ខណៈ​កម្ពុជានាំទៅវៀតណាម​មានតែប្រមាណ ១.០០០ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ថែមពីនេះ រដ្ឋាភិបាល​ប្រទេសទាំងពីរ ក៏ធ្លាប់បាន​ប្តេជ្ញារួមគ្នា​ផងដែរថា នឹងបង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបានដល់ ៥ ពាន់លាន​ដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ។

តាមកាសែតវៀតណាម សៃហ្គន ជីអៃ ផុង បាន​ឲ្យដឹងថា គិតត្រឹមខែ មេសា​ឆ្នាំ២០១៩ កន្លងទៅ វៀតណាម​បានវិនិយោគ​នៅកម្ពុជា​ចំនួន ១៩០ គម្រោង ដែលមានតម្លៃទុន​វិនិយោគសរុប​ជិត ៣ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​កម្ពុជា​បានវិនិយោគ​ក្នុងប្រទេស​វៀតណាម​វិញ មាន​១៩ គម្រោង ជាមួយទុន​វិនិយោប្រមាណ ៦៥ លានដុល្លារអាមេរិក។

ជាមួយគ្នានេះ វៀតណាម ត្រូវបាន​គេចាត់ទុកថា ជាប្រទេស​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី៣ របស់កម្ពុជា ដែល​ទំហំ​ពាណិជ្ជកម្មទ្វេភាគី មានកំណើន​ប្រមាណជិត ១០ %​ក្នុងមួយឆ្នាំៗ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close