UI_LongBanner

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយប្រពៃណីធ្លាក់ចុះ

123

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យប្រជាប្រិយភាពប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានការធ្លាក់ចុះ និងប្រឈមទៅនឹងការបាត់បង់ការងាររបស់ប្រជាជន។

ថ្លែងក្នុងពិធីបិទសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ នាទីក្រុងសៀមរាប ល្ងាចថ្ងៃទី១៣ ខែមិថុនានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយបាននឹងកំពុងដើរតួនាទីយ៉ាងសកម្មជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណីប្រកបដោយសក្តានុពលនិងបង្កើនគុណភាពនៃការផ្សព្វផ្សាយទាំងសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការផ្ទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកអាកាសវិទ្យុ កាត់បន្ថយចំណាយនៃផលិតកម្ម ការបង្កើនផលិតភាពយ៉ាងសំបូរបែបក្នុងវិស័យ ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការចែករំលែកព័ត៌មាន និងការទទួលទិន្នន័យបានរហ័សតាមមធ្យោបាយដ៏សម្បូរបែប។ ជាមួយគ្នានេះ ឌីជីថលភាវូបនីយកម្ម បានធ្វើឲ្យប្រទេសជឿនលឿនក្លាយទៅជារដ្ឋាភិបាល ឌីជីថលដែលការគ្រប់គ្រងរដ្ឋ ការផ្តល់សេវា និងការទទួលសេវា ការធ្វើពាណិជ្ជកម្មមានគុណ ភាណប្រសិទ្ធភាព តម្លាភាព និងការតភា្ជប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ទាំងផ្ទៃក្នុង និងជាសាកល។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យមានការកើនឡើងនូវបទឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ការចាប់ជំរិត ការហែកចូលបំផ្លាញទិន្នន័យឯកសារការរំលោភលើសិទ្ធិបុគ្គលឯកជន និងធ្វើឲ្យល្បឿននៃការផលិតព័ត៌មានក្លែងបន្លំកើនឡើង៦ដង បើធៀបទៅនឹងការផ្សាយព័ត៌មានពិត បង្កឲ្យកើតមានរូបភាពច្របូកច្របល់ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសង្គម និងការអន្តរាយដែលកើតចេញពីបដិវត្តឌីជីថលមិនអាចប៉ាន់ស្មានបាន។

សូមបញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើទឹកដីអង្គរពីថ្ងៃទី១០-១៣ ខែមិថុនានេះ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» ដោយផ្តោតលើការពិភាក្សាអំពីបញ្ហាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ភាពជាអ្នកដឹកនាំក្នុងយុគ្គសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា4K និងឥទ្ធិពលនៃភាពពិតកើន និងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ក្នុងវិស័យព័ត៌មាន។

CMA_LongBanner

គណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលចូលរួមសន្និសីទកម្រិតអន្តរជាតិនេះ មានប្រមាណ៦០០នាក់ មកពីបណ្ដាប្រទេសចំនួន៤២ នៅក្នុងតំបន់ និងពិភពលោកមានដូចជា៖ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម័រ អូស្ត្រាលី បង់ក្លាដេស ប៉ាគីស្ថាន នេប៉ាល់ ជាដើម៕

ប្រភពៈ www.information.gov.kh

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close