UI_LongBanner

កប៉ាល់​ដឹកប្រេង ២គ្រឿង រង​ការវាយប្រហារ នៅ​ឈូង​សមុទ្រ អូម៉ង់

79

កប៉ាល់​ដឹកប្រេង ២គ្រឿង ដែល ១គ្រឿងជា​របស់​ក្រុមហ៊ុន ជប៉ុន និង​ ១គ្រឿង​ទៀតជា​របស់​ក្រុមហ៊ុន​ន័រវែស បាន​រង​ការវាយប្រហារ នៅ​ក្នុង​ឈូងសមុទ្រ អូម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។

ដំណឹង​វាយប្រហារ​ធ្វើ​ឲ្យ​ផ្ទុះឆេះ​កប៉ាល់​ដឹកប្រេង នៅ​ឈូងសមុទ្រ អូម៉ង់ នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ ឡើងថ្លៃភ្លាមប្រមាណ ៤ ភាគរយ ឬ ៦១,៧៤ ​ដុល្លារ ក្នុង​មួយបារ៉ែល នៅទីផ្សារ​ប្រេង​អន្តរជាតិ ។

ការវាយប្រហារ​ដោយ​អាថ៌កំបាំង ​ទៅលើ​កប៉ាល់ដឹកប្រេង ជប៉ុន កើតឡើងនៅ​ចំ​ថ្ងៃ​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន លោក ​ស៊ីនហ្សូ អាបេ កំពុងជួប​ពិភាក្សាជាប្រវត្តិសាស្រ្ត​ ជាមួយ​ប្រមុខដឹកនាំសាសនា ​អ៊ីរ៉ង់ ក្នុង​កិច្ចប្រឹងប្រែងបន្ថយភាពតានតឹង​រវាង​អាមេរិក និងអ៊ីរ៉ង់ ។

ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង​ទាំង​ ២ ​គ្រឿង ​កើតមានឡើង​នៅ​ក្នុង​ឈូងសមុទ្រ អូម៉ង់ ដែល​ជា​ច្រកចេញចូល​ដ៏​សំខាន់ ​សម្រាប់​កប៉ាល់​ដឹកប្រេងក្នុង​ពិភពលោក ។ កន្លែង​ដែល​កប៉ាល់​ដឹកប្រេង​ទាំងពីរ រងការវាយប្រហារកាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថិតនៅក្នុង​ដែនទឹក​រវាង​ប្រទេស​អ៊ីរ៉ង់ ​និង ​អារ៉ាប់រួម អេមីរ៉ាត ។

យោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ ព័ត៌មាន​អ៊ីរ៉ង់ ​Irna កប៉ាល់​ដឹកប្រេងរបស់​ក្រុមហ៊ុន ​ន័រវែស (Front Altair) ដែល​មាន​ទង់ជាតិ​កោះ Marshall ដែល​ដឹក​ប្រេង Ethanol ជាង​ ១សែន​តោន (១១១ ០០០) ចេញពី​ប្រទេស​កាតា សំដៅ​កោះតៃវ៉ាន់ បាន​ផ្ទុះឆេះ ដោយសារ​ការវាយប្រហារ ។ មួយម៉ោងក្រោយ ស្រាប់តែ​កប៉ាល់​ដឹកប្រេង​មួយទៀត ដែល​ជា​របស់ក្រុមហ៊ុន​ជប៉ុន (ឈ្មោះ Kokoka Courageous) ដែល​ដឹក Methanol ​ចេញពី​អារ៉ាប៊ី សាអូឌីត សំដៅ​ប្រទេស​សិង្ហបុរី ក៏រង​ការវាយប្រហារ​ដូចគ្នា ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង កាលពីថ្ងៃ​ព្រហស្បតិ៍ មិន​បានបណ្តាល​ឲ្យ​មាន​ប្រេងលេច​ចូលសមុទ្រ និង ​ធ្វើ​ឲ្យ​មាន​អ្នករងរបួស​ទេ ​ព្រោះអ្នកធ្វើការ​ទាំង​ ៤៤​នាក់ របស់​កប៉ាល់​ដឹកប្រេង​ទាំងពីរ បាន​លោតចុះទឹក​ទាន់ពេលវេលា និង ​ត្រូវ​បាន​ជួយ​សង្រ្គោះ ដោយ​កប៉ាល់​សង្រ្គោះអ៊ីរ៉ង់ ។

ការវាយប្រហារ​ទៅលើ​កប៉ាល់ទាំង ២ នៅ​តែ​អាថ៌កំបាំង គ្មានអ្នកចេញមុខ​ទទួល​ខុសត្រូវឡើយ ហើយរដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក ម៉ូហាម៉េដ ហ្សាវ៉ា ហ្សារីហ្វ បាន​សំដែង​ការព្រួយបារម្ភ និង ​សង្ស័យ​ពី​ចេតនារបស់​ឧក្រិដ្ឋជន ដែល​វាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេងជប៉ុន នៅចំពេល​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន កំពុង​ជួបពិភាក្សា​ជាប្រវត្តិសាស្រ្ត​ ជាមួយ​ប្រមុខដឹកនាំសាសនា​អ៊ីរ៉ង់ នៅទីក្រុង​តេហេរ៉ង់ ។ នាវា​ចម្បាំង​ទី​៥ ​របស់​អាមេរិក ​ដែល​មាន​វត្តមាន​នៅ​ឈូង​សមុទ្រ​ពែរ្ស បានអះអាងថា អាមេរិក​បាន​ទទួល​សញ្ញា​អាសន្ន​ពី​កប៉ាល់ទាំងពីរ ដែល​បាន​លើកឡើង​ពី​ការវាយប្រហារ ទៅលើ​កប៉ាល់​របស់ពួកគេ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close