UI_LongBanner

ដំណាំពោតជាងមួយម៉ឺនហិកតានៅខេត្តចំនួន ៤ កំពុងរងការបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មី

169

ភ្នំពេញ៖ យ៉ាងហោចណាស់ផ្ទៃដីដំណាំពោតចំនួន ១១ ១៤២ ហិកតាបានរងការខូចខាតដោយការបំផ្លាញរបស់ដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm)​ នៅខេត្តចំនួន ៤ ក្នុងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី១១ មិថុនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ចេញផ្សាយនៅថ្ងៃទី១៤ មិថុនានេះ។

តាមការចុះតាមដានពីមន្រ្តីជំនាញរបស់ក្រសួងកសិកម្ម លទ្ធផលបង្ហាញថា ពិតជាមានវត្តមានដង្កូវហ្វូងប្រភេទថ្មី កំពុងរាតត្បាតបំផ្លាញដំណាំ ពិសេសដំណាំពោតយ៉ាងលឿន ស្របពេលដែលកម្ពុជាកំពុងមានអាកាសធាតុក្តៅ។

បើតាមសេចក្តីប្រកាសរបស់ក្រសួង ខេត្តបន្ទាយមានជ័យរងការខូចខាតដំណាំពោតច្រើនជាងគេ មានរហូតទៅដល់ ៤ ៧១៥ហិកតា ខេត្តបាត់ដំបង ៣ ០៣៣ ហិកតា ខេត្តប៉ៃលិន ២ ៥៤៤ហិកតា និងខេត្តត្បូងឃ្មុំចំនួន ៨៥០ហិកតា។

ជាការឆ្លើយតបនូវបញ្ហាចំពោះមុខនេះ ក្រសួងកសិកម្ម បានចាត់ឱ្យមន្រ្តីពាក់ព័ន្ធរៀបចំវិធានការទប់ស្កាត់ ស្រាវជ្រាវ អង្កេតពីកម្រិតបំផ្លាញរបស់ដង្កូវហ្វូងប្រភេទថ្មី និងជំរុញវិធានការការពារតាមរាជធានីខេត្តទាំងអស់។

មន្រ្តីពាក់ព័ន្ធត្រូវជំរុញដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករ ត្រូវសហការដើម្បីទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងឱ្យបានទាន់ពេលវេលា។

ដង្កូវហ្វូងប្រភេទថ្មីនេះ ត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បង មានដើមកំណើតនៅទ្វីបអាមេរិកខាងត្បូង។ វាអាចស៊ីបំផ្លាញលើដំណាំ និងរុក្ខជាតិជាង ៨០ប្រភេទ ហើយពោតជាដំណាំដែលដង្វូវប្រភេទនេះចូលចិត្ត។

នៅដើមឆ្នាំ ២០១៦ ដង្កូវប្រភេទថ្មីនេះ បានឆ្លងរាលដាលទៅអាហ្រ្វិកកណ្តាល អាហ្វ្រិកខាងលិច និងបានរាលដាលឆ្លងទៅអាហ្វ្រិកខាងត្បូង។ នៅឆ្នាំ២០១៨ថ្មីៗនេះ ដង្កូវហ្វូងប្រភេទថ្មីនេះ បានរាតត្បាត និងបំផ្លាញដំណាំពោតស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅទ្វីអាហ្វ្រិក និងបានឆ្លងរាលដាលមកដល់ប្រទេសឥណ្ឌា ចិន ស្រីលង្កា បង់ក្លាដេស ថៃ មីយ៉ាន់ម៉ា និងប្រទេសឡាវ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close