UI_LongBanner

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA)

56

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត​នៅ​អា​​ស៊ី (CICA) នៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។

​​ក្នុងកិច្ចប្រជុំនោះ គឺមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៩ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួន​ទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បាន​បញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និង​និយាមគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើក​កម្ពស់​គោលដៅ និងគោល​ការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍​ណែនាំ ក្នុងទំនាក់​ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និង​ច្បាប់​អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅ​ចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះរួមមាន​បន្ត​គាំទ្រដល់ដំណើរការរបស់CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិ​បតេយ្យ​ភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិ​សហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានអញ្ជើញឡើងថ្លែងសន្ទរកថាគន្លឹះដែលមានខ្លឹមសារថា៖ សម្តេចពិតរីករាយដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការកសាងទំនុកចិត្តនៃតំបន់ស៊ីអាស៊ី។ សម្តេចសូមសម្តែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលតាជីគីស្ថាន ដែល
បានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា ព្រមទាំងសូមអបអរសាទរដល់សាធារណរដ្ឋតាជីគីស្ថានបានធ្វើជាម្ចាស់ផ្ទះនេះ។

សម្តេចតេជោក៏សូមស្វាគមន៍ប្រទេសស្រីលង្កា ដែលក្លាយជាសមាជិកថ្មីនៃគ្រួសារ CICA ដើម្បីការកសាងទំនុកចិត្ត និងការបង្កើនភាពជឿជាក់ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបញ្ហាប្រទេសក្នុងតំបន់របស់យើង គឺពិតជាចាំបាច់មិនអាចខ្វះបានសម្រាប់ដំណើរការអភិវឌ្ឍរបស់ប្រទេសយើងនីមួយៗ ជាពិសេស ដើម្បីជម្នះលើបញ្ហាប្រឈមនានារបស់ពិភពលោក ។ ក្នុងន័យនេះ,ប្រធានបទនៃកិច្ចប្រជុំនាពេលនេះ, ពោលគឺ «ចក្ខុវិស័យរួម ដើម្បីសន្តិសុខ និងវិបុលភាពនៃតំបន់» ពិតជាសមស្របបំផុត ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកស៊ីកា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាសន្តិសុខ និងស្ថិរភាពពិភពលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ក្នុងតំបន់ ។

CMA_LongBanner

សម្តេចបានបន្តថា ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ មកស៊ីកាបានធ្វើជាសាក្សីនៃដំណើរការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក រួមមាន ការដួលរលំរបស់សហភាពសូវៀតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅអឺរ៉ុបខាងកើត, ការបញ្ចប់សង្គ្រាមត្រជាក់ និង ការរៀបចំឡើងវិញនៃសណ្ឋាប់ធ្នាប់អន្តរជាតិថ្មី ។ ប៉ុន្តែក្នុងមួយទសវត្សចុងក្រោយនេះ ពិភពលោក បាន និងកំពុងប្រឈមនឹងការផ្លាស់ប្តូរនិម្មាបនកម្មយ៉ាងធំធេង លើវិស័យភូមិសាស្ត្រនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាពាណិជ្ជកម្ម និង ការវិនិយោគ ដែលបានកែប្រែតុល្យភាពអំណាចសកល ឆ្ពោះទៅរកក្របខ័ណ្ណពហុប៉ូល ស្របគ្នានឹងការកើតឡើងនូវការគម្រាមថ្មីៗលើសន្តិសុខ ដូចជា បញ្ហានៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខម៉ិនធើណែត និង សកម្មភាពភេរវកម្មជ្រុលនិយម។

ក្រៅពីជម្លោះក្នុងឧបទ្វីបកូរ៉េបញ្ហានុយក្លេអ៊ែរក្នុងតំបន់, ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយចំនួនតំបន់អាស៊ីយើងក៏កំពុងរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗ ពិសេស សហរដ្ឋអាមេរិក និង ចិន ដែលមជ្ឈដ្ឋានខ្លះបានហៅថាជា សង្គ្រាមត្រជាក់ថ្មី ។ ម្យ៉ាងវិញទៀតបទពិសោធន៍ និងមេរៀនរបស់ប្រទេសលីប៊ីអឺរ៉ាក់ និង ស៊ីរី បានសបញ្ជាក់ថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបានធ្វើឱ្យសភាពការណ៍មានភាពប្រសើរជាងមុននោះទេក្រៅតែពីការបន្សល់ទុកនូវសោកនាដកម្មដ៏ឈឺចាប់ដល់ប្រជាជនស្លូតត្រង់ និងការបំផ្លិចបំផ្លាញ ព្រមទាំងការបន្តការហែកហូរដោយសារសង្គ្រាមស៊ីវិល ។

ជាងនេះទៀត, ភាពអត្មានិយមក្នុងការប្រកួតប្រជែង អំណាច និងឥទ្ធិពល ដោយមិនបានគិតគូរពីផលប្រយោជន៍រួម តាមរយៈ មធ្យោបាយដាក់ទណ្ណកម្ម ឬ គំនាបសេដ្ឋកិច្ចការដកហូតការអនុគ្រោះពន្ធ និង គោលនយោបាយគាំពារនិយមបាន និង កំពុងគម្រាមដល់ស្ថិរភាព និងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាច្រើន។​ យើងគប្បីទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ស៊ីកាពោលគឺ ការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត ដោយសម្តេចមើលឃើញពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, ការវិនិយោគ និង ទេសចរណ៍ ។

កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង ការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិករបស់ស៊ីកាទាំងអស់ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និងការតភ្ជាប់គ្រប់ផ្នែក។ក្នុងស្មារតីនេះយើងគួរធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាក់ស្តែងនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និង ពង្រឹងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។

ទន្ទឹមនេះស៊ីកាគួរតែសង្កត់ធ្ងន់លើសារៈសំខាន់នៃសេដ្ឋកិច្ចពិភពលោកមួយបើកចំហ ហើយសម្តែងនូវការប្តេជ្ញាហ្មឺងម៉ាត់ចំពោះប្រព័ន្ធពាណិជកម្មពហុភាគីដែលផ្អែកលើវិធាននៃច្បាប់ក្រោមក្របខ័ណ្ណនៃអង្គការពាណិជ្ជកម្មពិភពលោក ។ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកទាំងអស់ នៅក្នុងដំណើរការរបស់ស៊ីកា សំដៅកសាងនិម្មាបនកម្មសន្តិសុខមួយសមស្របនឹងលក្ខខណ្ណអាស៊ី ជាមួយនឹងរបៀបអាស៊ានក្នុងការគោរពគ្នាទៅវិញទៅមក ការស្រុះស្រួលមតិ និងការយោគយល់គ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចតេជោ ជឿជាក់ថា សន្និសីទនេះ នឹងផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ និង អនុសាសន៍ល្អៗ ដើម្បីរួមចំណែកការពារវិបុលភាពស្ថិរភាពសន្តិសុខ និងសន្តិភាពតំបន់ តាមរយៈការកសាងនូវការយោគយល់ ជំនឿនិង ការទុកចិត្តរវាងគ្នាទៅវិញទៅមក៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close