UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន បង្ហាញអំពីប្រវត្តិ នៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ត្រ

62

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងមិទ្ទីងរំលឹកខួបលើកទី៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញអំពីប្រវត្តិ នៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ដ្រ។

ក្នុងមិទ្ទីងដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គឺឈរលើមាគ៌ានយោបាយ ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីផលប្រយោជន៍ ដ៏ឧត្ដុងឧត្តមបំផុតរបស់ជាតិ។

ឆ្លងកាត់រយៈពេល៤ទស្សវត្ស នៃដំណើរការតស៊ូសង្គ្រោះអាយុជីវិតប្រទេសជាតិ ការស្ដារកសាង និងការពារមាតុភូមិចាប់ពីថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជា ដកស្រង់បាននូវមេរៀនដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់អនាគតរបស់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖

  • ទី១៖ ការដាក់ចេញនូវមាគ៌ានយោបាយ យុទ្ធសាស្ដ្រ និងយុទ្ធវិធី សម្រាប់ការដឹកនាំបានត្រឹមត្រូវ ជាកត្ដាចម្បងនៃជ័យជម្នះរបស់ជាតិ។ រយៈពេល៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយភាពជោគជ័យ តាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលមិនឆ្វេង មិនស្ដាំ មិនបាត់ម្ចាស់ការ គឺមានលក្ខណៈប្រាកដ ជាក់ស្ដែង ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាតិ និងអន្ដរជាតិ។ គណបក្សបបានផ្សារភ្ជាប់ជាមួយប្រជាជន ស្ដាប់មតិយោបល់របស់ប្រជាជន ចេះស្វ័យត្រួតពិនិត្យខ្លួនជាប្រចាំ និងហ៊ានកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។ ការសម្រេចចិត្តរបស់ប្រជាជន ក្នុងការជ្រើសរើសយកការដឹកនាំខាងនយោបាយមួយដ៏ត្រឹមត្ររូវ គឺជាប្រការដ៏សំខាន់ចាំបាច់បំផុត។
  • ទី២៖ ប្រជាជនជាកត្តាសម្រេច នៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំ ខាងនយោបាយក្នុងសង្គមជាតិ។ បើប្រជាជនមិនយល់ មិនគាំទ្រ មិនចូលរួម គឺគ្មានកិច្ចការធំៗ របស់ជាតិអាចសម្រេចបានឡើយ។ អាស្រ័យហេតុនេះ នៅក្នុងនយោបាយ និងសកម្មភាពទាំងមូលរបស់គណបក្ស ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅ នៃការបម្រើរបស់ខ្លួន។ ព្រមជាមួយនេះ ប្រជាជនម្នាក់ៗ ក៏គប្បីយល់ដឹងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ហើយចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការកសាង និងការពារជាតិ។
  • ទី៣៖ សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិយើងឈ្នះ។ ដើម្បីធានាសាមគ្គីភាព ជាតិដ៏រឹងមាំ ត្រូវមានមាគ៌ាដឹកនាំត្រឹមត្រូវ និងត្រូវធានាការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ។ ទន្ទឹមនេះ ត្រូវរាំងស្កាត់ដាច់ខាតតាំងពីដំបូងទី ចំពោះរាល់សកម្មភាព អុចអាល ញុះញង់ បំបែកបំបាក់បង្កើតទំនាស់ បង្កអនាធិបតេយ្យ កុំទុកឲ្យក្លាយទៅជាគ្រោះមហន្តរាយដល់ប្រទេសជាតិបាន។

ក្នុងន័យនេះ ការអនុវត្តគោលនយោបាយ ១១ «ខ» របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា, ការអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ, ការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និងការប្រកាន់យកវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅគ្រប់កាលៈទេសៈកន្លងមក បានធានានូវការពង្រឹងឆ្លងសាមគ្គីភាពរបស់ជាតិយើង យកឈ្នះលើរាល់ឧបសគ្គធំៗបាន។

CMA_LongBanner
  • ទី៤៖ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ហើយផ្ទុយមកវិញ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ធានា និងពង្រឹងសន្តិភាព និងស្ថិរភាព សង្គម។ ព្រមជាមួយនេះ នៅក្នុងដំណើរការសន្តិភាពរបស់ជាតិយើង គប្បីចងចាំថា សង្គ្រាម និងការបែកបាក់ជាតិ ដែលកើតមកពីការដឹកនាំមិនត្រឹមត្រូវ របស់អ្នកជំនាន់មុនដែលផ្ទុយទាំងស្រុងពីឆន្ទៈប្រជាជន និងការចូលជ្រៀតជ្រែកយ៉ាងខ្លាំង ពីសំណាក់បរទេស បានបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយត្រូវតែដោះស្រាយ ហើយការដោះស្រាយនោះត្រូវជៀសវាងការយកសង្គ្រាម មកបញ្ចប់សង្គ្រាម។
  • ទី៥៖ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មនសិការភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើង ឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះមុខការរំលោភបំពានណាពីខាងក្រៅ។

ឯករាជ្យ និងអធិបតេយ្យជាតិ ជាគុណតម្លៃដ៏វិសេសវិសាលឧត្តុង្គឧត្តមដើម្បីធានាអត្ថិភាពនៃជាតិ និងជាសសរស្តម្ភ ដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់សន្តិភាព និងវឌ្ឍនភាព ប្រកបដោយកិត្តិយសរបស់ប្រជាជាតិយើង។ ប្រវត្តិសាស្រ្តជាក់ស្តែង បានបង្ហាញឲ្យយើងឃើញច្បាស់ហើយថា ការចុះខ្សោយ ឬបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ គឺមានតែនាំមកនូវការបែកបាក់ សង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយ សម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។

  • ទី៦៖ នៅគ្រប់កាលៈទេសៈ ប្រជាជនយើងត្រូវប្រកាន់ខ្ជាប់នូវជំហរជាអ្នកធ្វើជាម្ចាស់របស់ប្រទេសជាតិខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន។ ការជាក់ស្តែង បានបញ្ជាក់ច្បាស់ថា យើងបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឲ្យរបបនេះវិលមកវិញជាលើកទី២, យើងបានសម្រេច សមិទ្ធផលយ៉ាងធំធេងក្នុងការស្តារ កសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម, យើងបានពុះពារជម្នះដោះស្រាយវិបត្តិនានា ដែលបានកើតមាននៅផ្ទៃក្នុងជាតិ ជាពិសេសសម្រេចបាននូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលយើងបានដាក់ចេញដោយខ្លួនឯង ដោយគ្មានការបញ្ជា ឬជំនួយពីបរទេស គឺអាស្រ័យដោយផ្អែកលើសាមគ្គីភាព ឆន្ទៈ បញ្ញាញាណ សេចក្តីព្យាយាម និងភាពអង់អាចក្លាហានរបស់ប្រជាជាតិយើងជាចម្បង។ គប្បីចងចាំថា គឺភាពរឹងមាំ នៃកត្តាខាងក្នុងនេះហើយដែលមានចរិតកំណត់ និងជាមូលដ្ឋានដើម្បីទទួលបានការជួយឧបត្ថម្ភពីខាងក្រៅ។
  • ទី៧៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ និងបណ្តាប្រទេសលើពិភពលោក ដោយមិនប្រកាន់របបនយោបាយ លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក គឺជាកត្តាសំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីធានាដល់ការ

អភិវឌ្ឍ និងសន្តិភាពរបស់ជាតិយើង ទាំងពេលបច្ចុប្បន្នក៏ដូចតទៅមុខយូរអង្វែង។

អាស្រ័យហេតុនេះ នៅគ្រប់កាលៈទេសៈ ត្រូវយកចិត្តទុកដាក់កសាង ថែរក្សា ពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ឲ្យកាន់តែរឹងមាំឡើង ហើយបន្តចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close