UI_LongBanner

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ WTO គិតឱ្យបានដិតដល់មុនព្យួរ ឬដកភាពអនុគ្រោះពន្ធ

47

ហ្សឺណែវ, ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់រដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពិចារណាឱ្យបានដិតដល់មុនព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច។ សម្តេចតេជោ បានគូសរំលេចថា ការព្យួរ ឬដកចេញនេះមិនអាចជួយពួកគេឱ្យចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា អង្គការពាណិជ្ជកម្មពិភពលោក បានបង្កើតឱ្យមានវិធាននានាដ៏ពេញលេញ ក្លាយជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និង សម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន និងអាចព្យាករណ៍បាន ក៏ដូចជាក្នុងការកៀរគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិចថ្នាក់ជាតិ, តំបន់ និង អន្តរជាតិ តាមរយៈការៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវជំនួយសម្រាប់ពាណិជ្ជកម្ម ដែលបានប្រព្រឹត្តិទៅចំនួន ៦លើក រួចមកហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា អង្គការពាណិជ្ជកម្មពិភពលោក បានជួយជំរុញនូវកម្មវិធីធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និង ប្រទេសអភិវឌ្ឍន៍តិចតួច ហើយបានជួយបង្កើនការធ្វើពាណិជ្ជកម្មអន្តរជាតិ បង្កើតការងារ និង កាត់បន្ថយភាពក្រីក្រនៅក្នុងបញ្ហាប្រទេសជាសមាជិកប្រកបដោយប្រសិទ្ធភាពខ្ពស់។

«ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និង អង្គការអន្តរជាតិនានា ដែលបានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចូលរួមចំណែកជួយប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ចាប់ផ្តើមតាំងពីការចរចាចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក រហូតមកដល់បច្ចុប្បន្ននេះ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

តាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសអភិវឌ្ឍន៍ជាសមាជិកត្រូវមានកាតព្វកិច្ចក្នុងការផ្តល់ភាពអនុគ្រោះពន្ធដល់ប្រទេសជាសមាជិកទាំងឡាយដែលមានការអភិវឌ្ឍន៍តិចតួច។ តាមរយៈគោលការណ៍នេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចទាំង៣៦ ជាសមាជិក ដែលទទួលបានភាពអនុគ្រោះពន្ធលើទំនិញរបស់ខ្លួនសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍ដូចបណ្តាប្រទេសនៅអឺរ៉ុបជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទូចបណ្តារដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍របស់អង្គការពាណិជ្ជកម្មពិភពលោក បន្តផ្តល់ និងបង្កើនការផ្តល់ភាពអនុគ្រោះនានាតាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬឯកតោភាគី។ ការបន្តផ្តល់ និងបង្កើនការផ្តល់ភាពអនុគ្រោះនេះ ក៏នឹងជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឱ្យអាចចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ផងដែរ។

នៅក្នុងសុន្ទរកថាគន្លឹះនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញកង្វល់ចំពោះការចាត់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍តិចតួច ពីសំណាក់ប្រទេសអភិវឌ្ឍន៍ជាសមាជិក WTO ផងដែរ។ កង្វល់របស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើចំពេលពេលគណៈកម្មការអឺរ៉ុបកំពុងអនុវត្តន៍នីតិវិធី ក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចមួយចំនួនទៀត ក្រោមការចោទប្រកាន់ថា កម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍតិចតួចមួយចំនួនទៀត កំពុងធ្វើឱ្យមានឱនភាពលើការគោរពសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យជាដើមនោះ។

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឱ្យបានដិតដល់មុននឹងដាក់ចេញវិធានការព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពន្ធនេះ ព្រោះមិនបានជួយដល់ការអភិវឌ្ឍរបស់មានការអភិវឌ្ឍន៍តិចតួចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «សូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេស អភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះគឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ របស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក»

CMA_LongBanner

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close