UI_LongBanner

ឯកឧត្ដម​ ហ៊ុន ម៉ាណែត ចំអកក្រុមប្រឆាំងថា មិនហ៊ានធ្វើបាតុកម្មប្រឆាំងឪពុករបស់លោក ពេលកំពុងមានវត្តមាននៅស្វីស

91

ភ្នំពេញ៖ ឯកឧត្ដម​ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ចេញសារចំអកឱ្យក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមិនឃើញធ្វើបាតុកម្មប្រឆាំងឪពុករបស់លោក ពេលកំពុងមានវត្តមាននៅប្រទេសស្វីស ដូចអ្វីដែលពួកគេប្រកាស។

ដោយផ្តើមជាមួយនឹងឃ្លាថា «ពេលក្របីស៊ីស្រូវបងមិនហ៊ានដេញ ដល់ពេលក្របីដើរចេញបងដេញឱ្យស្រីមើល» ជាពាក្យដែលគេចំអកឱ្យ លោក សម រង្ស៉ី នាពេលកន្លងទៅនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានលើកឡើងថា «ខ្ញុំហាក់ដូចជាជាឆ្ងល់ដែរថា ហេតុអ្វីបានជាអ្នកប្រកាសធ្វើបាតុកម្មប្រឆាំងវត្តមាន សម្តេចតេជោនៅប្រទេសស្វីស មិនហ៊ានធ្វើពេលសម្តេចកំពុងមានវត្តមាននៅក្នុងប្រទេសនេះ ហើយបែរជាប្រកាសប្រមូលមនុស្សមកធ្វើបាតុកម្ម ពេលដែលសម្តេចចប់កម្មវិធី និងធ្វើមាតុភូមិនិវត្តរួចបាត់ទៅហើយ»។

ឯកឧត្ដមបានបន្តថា «បើធ្វើក្រោយវត្តមានសម្តេចដដែល គឺនាំខាតពេលអ្នកចូលរួម ហើយវាដូចចម្រៀងខ្មែរថា: ពេលក្របីស៊ីស្រូវបងមិនហ៊ានដេញ ដល់ពេលក្របីដើរចេញបងដេញឱ្យស្រីមើល»។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមប្រឆាំងមួយចំនួនពុំបានប្រកាសធ្វើបាតុកម្ម ប្រឆាំងសម្តេចនៅអំឡុងពេលនោះទេ ដោយពួកគេបែរជាគ្រោងធ្វើបាតុកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលកម្មវិធីរបស់សម្តេចតេជោត្រូវបានបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close