UI_LongBanner

ជប៉ុន ប្រគល់វត្ថុបុរាណខ្មែរចំនួន៨៥មុខ មកប្រទេសកម្ពុជាវិញ

58

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ អំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ ដែលជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់ជូនប្រទេសកម្ពុជាវិញ ត្រូវបានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ ក្រោមអធិបតីភាពលោក ប្រាក់ ស៊ុនដារ៉ា រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសារមន្ទីជាតិ។

អំណោយវត្ថុបុរាណទាំងនេះមានដូចជា៖ បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ ត្រូវបានលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ដែលជាជនជាតិជប៉ុន សម្រេចប្រគល់ជូនកម្ពុជាវិញ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមីរបស់លោកស្រី។

ក្រសួងវប្បធម៌ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា មានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបាសម្របសម្រួល និងដឹកនាំវត្ថុបុរាណនេះមកប្រទេសកម្ពុជា។

CMA_LongBanner

ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ ជាការវិលមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើត បង្ហាញឲ្យឃើញពី ការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យបុរាណ។

ក្រសួងវប្បធម៌ ក៏បានលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ, ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានា លើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close