UI_LongBanner

កិច្ចចរចាពាណិជ្ជកម្ម រវាងអាមេរិក និងចិន នឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍ក្រោយ

64

តំណាងជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងចិន កំពុងរៀបចំឲ្យមានការបន្តការចរចានៅសប្តាហ៍ក្រោយ ដើម្បីព្យាយាមដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេលមួយឆ្នាំមកហើយ រវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោក ។

ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា៖ “កិច្ចពិភាក្សានោះនឹងបន្តធ្វើនៅសប្តាហ៍ខាងមុខ” ។ អ្នកចរចាសំខាន់មកពីអាមេរិក មានតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងលេខាធិការក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin និងអ្នកចរចាកំពូលរបស់ចិន គឺលោកឧបនាយករដ្ឋមន្ត្រី Liu He ។

ភាគីទាំងពីរ បានទំនាក់ទំនងគ្នាតាមទូរស័ព្ទ តាំងពីចុងសប្តាហ៍មុននៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមឡើងវិញកិច្ចចរចា ដែលបានជាប់គាំងតាំងពីខែឧសភា ។ លោក Kudlow មិនច្បាស់អំពីពេលវេលា សម្រាប់ការចាប់ផ្តើមការចរចាទល់មុខគ្នានោះទេ ដោយនិយាយថា នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ។

CMA_LongBanner

កិច្ចចរចារវាងភាគីទាំងពីរ បានជាប់គាំងកាលពីខែឧសភា បន្ទាប់ពីមន្ត្រីអាមេរិក បានចោទប្រកាន់ចិនពីការដកថយកិច្ចសន្យា ដែលបានធ្វើពីមុននៅក្នុងកិច្ចព្រមព្រៀង ដែលអ្នកចរចាបាននិយាយថា ស្ទើរតែបានបញ្ចប់ទៅហើយនោះ ។

ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីការលួចកម្មសិទ្ធិបញ្ញា និងបង្ខំឱ្យក្រុមហ៊ុនអាមេរិក ចែករំលែកបច្ចេកវិទ្យារបស់ខ្លួន ជាមួយសមភាគីចិនដើម្បីធ្វើពាណិជ្ជកម្មនៅចិន ។

អាមេរិក ចង់ឱ្យចិនផ្លាស់ប្តូរច្បាប់របស់ខ្លួនលើបញ្ហាទាំងនោះ និងបញ្ហាផ្សេងៗទៀត ។ ប្រទេសចិន បានបដិសេធការអនុវត្តបែបនេះ ហើយមានភាពស្ទាក់ស្ទើរក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ។ ប្រទេសទាំងពីរបានដាក់ពន្ធគយគ្នាទៅវិញទៅមក ប៉ុន្តែលោក ត្រាំ បានធ្វើសម្បទានសំខាន់ពីរ នៅឯកិច្ចប្រជុំជាមួយលោក ស៊ី ។ លោក ត្រាំ បានយល់ព្រមមិនដាក់ពន្ធលើការនាំចូលរបស់ចិនបន្ថែមចំនួន 300 ពាន់លានដុល្លារ និងការបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close