UI_LongBanner

សម្ដេចក្រឡាហោម ស ខេង ដាក់ពាក្យប្តឹង លោក សម រង្ស៊ី លើករណីញុះញង់ ដោយទាមទារឱ្យផ្តន្ទាទោសឱ្យធ្ងន់ធ្ងរ និងសំណង១លានដុល្លារ

107

ភ្នំពេញ៖ ក្រុមមេធាវីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្នុងពាក្យបណ្តឹងនេះ សម្ដេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៊ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៊ី ។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្ដេចក្រឡាហោម ស ខេង។

ក្នុងលិខិតពាក្យបណ្តឹងរបស់ក្រុមមេធាវីលោក សម្ដេចក្រឡាហោម ខេង បានចាត់ទុកថា «ការប្រឌិតព័ត៌មានទម្លាក់កំហុស និងមួលបង្កាច់របស់ឈ្មោះ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង ដែលអាចធ្វើឲ្យមានវិវាទផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល»។

ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា៖ «ទង្វើទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្ស៊ី មានចេតនាទុច្ចរិតក្នុងការញុះញង់ បំផុសបំផុលធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ជាតិទាំងមូល»។

បើតាម លោក ហាក់ សៀកលី មេធាវីម្នាក់របស់សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ពាក្យបណ្តឹងនេះ ត្រូវបានក្រុមមេធាវីសម្ដេចក្រឡាហោម ស ខេង ដាក់ជូនតុលាការតាំងពីថ្ងៃទី០២ ខែកក្កដាមកម្ល៉េះ ដើម្បីឱ្យតុលាការរកយុត្តិធម៌ជូនលោក។

ចំណែក លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា តំណាងអយ្យការបានទទួលនូវពាក្យបណ្តឹងនេះរួចហើយតាំងពីថ្ងៃទី០២ ខែកក្កដា ហើយពេលនេះ តំណាងអយ្យការកំពុងចាត់ការទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា លោក សម រង្ស៊ី កំពុងតែជាប់ពាក់ព័ន្ធនឹងបណ្តឹងជាច្រើន ក្នុងនោះក៏មានសំណុំរឿងព្រហ្មទណ្ឌមួយចំនួន ដែលបានកាត់ទោសឱ្យលោក ជាប់ពន្ធនាគារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close