UI_LongBanner

កូរ៉េខាងត្បូង ស្នើជាថ្មីម្ដងទៀតឱ្យជប៉ុន លុបចោលការដាក់ កំហិតលើការលក់វត្ថុធាតុដើម សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន

52

កូរ៉េ៖ នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានស្នើជាថ្មីម្ដងទៀតឱ្យជប៉ុន លុបចោលការដាក់ កំហិតលើការលក់វត្ថុធាតុដើម សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន ប្រឆាំងនឹងទីក្រុងសេអ៊ល កាលពីសប្ដាហ៍មុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Hong Nam-ki បានគូសបញ្ជាក់ដូច្នេះថា៖ «ការដាក់កំហិតការនាំចេញរបស់ជប៉ុន គួរតែត្រូវបានលុបចោល… ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្ដល់ការគាំទ្រនានា ដើម្បីជួយកាត់បន្ថយហានិភ័យ ឬការខូចខាតរបស់បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង ដែលរងផលប៉ះពាល់ពីការដាក់កំហិតនេះ»។

CMA_LongBanner

ចំណាត់ការដាក់កំហិតនាំចេញវត្ថុធាតុដើម ផ្នែកបច្ចេកវិទ្យារបស់ជប៉ុនទៅកាន់ កូរ៉េខាងត្បូង គឺបានកើតចេញមកពីសេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំមុន ជុំវិញរឿងការធ្វើពលកម្មដោយបង្ខិតបង្ខំ ទៅលើប្រជាជនកូរ៉េខាងត្បូង កាលពីសម័យអាណានិគមជប៉ុន។

តុលាការកូរ៉េខាងត្បូង បានកាត់សេចក្តីឲ្យជប៉ុនផ្តល់សំណងដល់ពលរដ្ឋកូរ៉េខាងត្បូង ដែល ត្រូវបានបង្ខំឱ្យធ្វើការឱ្យក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel អំឡុងសម័យសង្រ្គាម លោកលើកទីពីរ ខណៈទីក្រុងតូក្យូមិនទទួលស្គាល់ការសម្រេចនេះឡើយ។ ចំណែកឯ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Huawei, Samsung, និង LG ជាដើមក៏នឹងត្រូវ ប្រឈមនឹងការក្លាយជាអ្នករងគ្រោះផងដែរ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close