UI_LongBanner

ប្រធានាធិបតីតួកគី ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទើបទទួលបានពីប្រទេសរុស្ស៊ី នឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុងនៅខែមេសា ឆ្នាំ២០២០

82

អ៊ីស្តង់ប៊ុល៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) នាដើមសប្តាហ៍នេះថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទើបទទួលបានពីប្រទេសរុស្ស៊ី នឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។

គ្រឿងបរិក្ខាផ្សេងៗនៃប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដែលទីក្រុងអង់ការ៉ា បានចុះកិច្ចព្រមព្រៀងទិញក្នុងតម្លៃរាប់ពាន់លានដុល្លារ កាលពីប៉ុន្មានឆ្នាំមុននោះ ទីបំផុតត្រូវបានប្រគល់ដល់ដៃតួកគី ខណៈយន្តហោះខ្នាតធំចំនួន ០៨គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារៈទាំងអស់នោះ។

លោក Erdogan បានគូសបញ្ជាក់ថា ដំណើរការដំឡើងកំពុងតែចាប់ផ្តើមជាបណ្តើរៗហើយ តែទម្រាំមានលក្ខណៈពេញលេញទាំងស្រុង គឺអាចដល់ខែមេសា ឆ្នាំ២០២០ ទើបហើយជាស្ថាពរ។ ការលើកឡើងរបស់លោកបែបនេះ ហាក់ដូចជាបង្ហាញថា តួកគីលែងខ្វាយខ្វល់នឹងការគំរាមដាក់ទណ្ឌកម្ម របស់អាមេរិកទៀតហើយ និងថែមទាំងបានព្រលយពាក្យសម្តីកាលពីថ្ងៃម្សិលមិញនេះទៀតថា អំណាចដាក់ទណ្ឌកម្ម គឺស្ថិតនៅលើលោក ដូណាល់ ត្រាំ ហើយលោក ត្រាំ ក៏មានសិទ្ធិមិនដាក់ទណ្ឌកម្មលើតួកគីដែរ។

ការដែលតួកគីនៅតែចចេសទិញក៏ដូចជាទទួលយក ប្រព័ន្ធមីស៊ីលការពារអាកាសនេះរបស់រុស្ស៊ី បានបង្កឲ្យមានភាព តានតឹងជាខ្លាំងជាមួយសហរដ្ឋអាមេរិក ព្រោះទីក្រុងអង់ការ៉ាក៏មានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាមេរិកដែរ ប៉ុន្តែលោក Erdogan ទើបតែបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលជាអាចស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយភាពតានតឹងនេះបាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close