UI_LongBanner

មនុស្សយ៉ាងហោចណាស់ក៏ជាង ២៣០នាក់ដែរបានស្លាប់ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ បង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង នៅឯតំបន់អាស៊ីខាងត្បូងមួយរយៈកន្លងមក

62

អាស៊ីខាងត្បូង៖ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ក៏ជាង ២៣០នាក់ដែរបានស្លាប់ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ និងបំណាក់ដី ដែលបង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង នៅឯតំបន់អាស៊ីខាងត្បូងមួយរយៈកន្លងមក។

ប្រទេសដែលបានរងការវាយប្រហារធ្ងន់ធ្ងររួមមានឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងបង់ក្លាដែស។ នៅរដ្ឋប៊ីហារ (Bihar) និងអាស្សាម (Assam) ភាគឦសានប្រទេសឥណ្ឌា សុទ្ធតែជាចំណុចរងគ្រោះខ្លាំង ដោយតួលេខអ្នកបាត់បង់ជីវិតនៅ Bihar និងនៅ Assam បានកើនដល់ ៩៧នាក់ ហើយចំនួនប្រជាជនដែលរងផលប៉ះពាល់សរុប ១០.៣លាននាក់។ រដ្ឋឥណ្ឌាទាំងពីរបានរៀបចំជម្រកស្នាក់នៅបណ្តោះអាសន្នលើសពី ៩០០កន្លែង សម្រាប់មនុស្សជាង ២៦៥,០០០នាក់។

ដោយឡែកនៅនេប៉ាល់វិញ ចំនួនមនុស្សស្លាប់បានឡើងដល់ ៨៨នាក់ ខណៈស្ថានការណ៍ហាក់មានភាពធូរស្រាលបណ្តើរៗហើយ ដោយប្រជាជនជាច្រើនបានចាប់ផ្តើម​ត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ ហើយចំនួនអ្នកដែលស្ថិតក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន បានថយពី ១៧,០០០នាក់មកនៅប្រហែល ១១,០០០នាក់វិញ។ ចំណែកនៅតំបន់កាស្មៀរ​ក្នុងផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថាន ព្រមទាំងទីក្រុងឡាហ័រ (Lahore) មនុស្ស ៤៦នាក់បានបាត់បង់ជីវិត ខណៈនៅបង់ក្លាដែសវិញមនុស្សរាប់លាននាក់ ក៏បានរងការប៉ះពាល់ដោយសារទឹកជំនន់ និងការធ្លាក់ភ្លៀងយ៉ាងជោគជាំផងដែរ។

ស្ថានភាពថ្មីៗនេះវាគ្រាន់តែជាការចាប់ផ្តើមនៃរដូវភ្លៀងប៉ុណ្ណោះ ដែលអាចបន្តអូសបន្លាយរហូតដល់ខែកញ្ញាឯណោះ។ ទោះបីជាឥឡូវទឹកដែលជន់លិច ហាក់ចាប់ផ្តើមថមថយទៅវិញជាបណ្តើរៗក៏ដោយ ប្រជាជនអាស៊ីខាងត្បូង​ដែលបានរងផលប៉ះពាល់ នឹងត្រូវប្រឈមមុខជាមួយវិបត្តិផ្សេងៗដដែល ព្រោះថាលំនៅឋានរាប់រយខ្នងត្រូវបានបំផ្លិចបំផ្លាញ ឬខូចខាត ហើយសត្វចិញ្ចឹម ជាច្រើនក្បាលក៏បានងាប់ បូករួមជាមួយដីស្រែក៏ដូចជាចម្ការជាច្រើនហិកតា ដែលត្រូវបានទឹកលិច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close