UI_LongBanner

បញ្ជាការកងទ័ពជើងគោកកម្ពុជា និងប្រ៊ុយណេ ជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ

36

ជំនួបការងាររវាងមេទ័ពជើងគោកម្ពុជា-ប្រ៊ុយណេ ឯកឧ្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកប្រ៊ុយណេ ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានធ្វើឡើងនៅប្រទេសប្រ៊ុយណេកាលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

 

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជាដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

 

លោកបានចាត់ទុកថាជំនួបមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនាពេលនេះ គឺជាការបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យយោធារវាងប្រទេសទាំងពីរ។

 

លោកបន្តថា ប្រទេសប្រ៊ុយណេ សូមចូលរួមអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពប្រ៊ុយណេ នឹងបន្តទំនាក់ទំនង និងគាំទ្រកងទ័ពកម្ពុជាទៅថ្ងៃអនាគត។

 

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកកម្ពុជា បានលើកឡើងថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ប្រ៊ុយណេ ជាការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ហើយ លោកសង្ឃឹមថា កងទ័ពនៃប្រទេសទាំងពីរនឹងមានសកម្មភាពជាទ្វេភាគី និងពហុភាគីបន្ថែមទៀតនៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close