UI_LongBanner

ក្រោយបាញ់មីស៊ីល ០២គ្រាប់ថ្មីៗ កូរ៉េខាងជើងបានព្រមានថា ខ្លួននឹងបន្តធ្វើតេស្តសព្វាវុធបន្ថែមទៀត

32

សេអ៊ូល៖ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA​ បានឱ្យដឹងថា ក្រោយបាញ់មីស៊ីល ០២គ្រាប់ថ្មីៗ កូរ៉េខាងជើងបានព្រមានថា ខ្លួននឹងបន្តធ្វើតេស្តសព្វាវុធបន្ថែមទៀត បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដោយមិនខ្វល់ការព្រមាននិងជំទាស់ពីទីក្រុងព្យុងយ៉ាង។

គិតទាំងការបាញ់មីស៊ីល ០២គ្រាប់ថ្មីនាព្រឹកថ្ងៃអង្គារនេះ សរុបមកកូរ៉េខាងជើងបានបាញ់មីស៊ីល ០៤លើកហើយ ក្នុងកំឡុងពេលមិនដល់ពីរសប្តាហ៍នោះទេ ហើយការបាញ់ ០២គ្រាប់ចុងក្រោយនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើម ការធ្វើសមយុទ្ធយោធាកាលពីថ្ងៃចន្ទម្សិលមិញនេះ។ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបាញ់មីស៊ីលខាងលើ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ខ្លួនបានចេញមុខថ្កោលទោស សមយុទ្ធរបស់សម្ព័ន្ធមិត្តទាំងពីរ និងបានព្រមានថា កូរ៉េខាងជើងនឹងបន្តធ្វើតេស្តសព្វាវុធថែមទៀត។

ទីក្រុងព្យុងយ៉ាងតែងតែបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះការដែលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា ព្រោះកូរ៉េខាងជើងយល់ថា វាជាសកម្មភាពត្រៀមឈ្លានពានមកលើខ្លួន ប៉ុន្តែមិនធ្លាប់ធ្វើតេស្តមីស៊ីលបែបនេះ ចំពេលដែលសមយុទ្ធកំពុងតែប្រព្រឹត្តទៅនោះទេ។

មីស៊ីលនៅក្នុងការធ្វើតេស្តទាំងនោះ ត្រូវបានកូរ៉េខាងត្បូងអះអាងថា គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ កន្លងមកពាក់ព័ន្ធសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់ពុំមានក្តីព្រួយបារម្ភអ្វីឡើយ ។ បច្ចុប្បន្នអាមេរិក និងកូរ៉េខាងជើង កំពុងស្ថិតក្នុងការព្យាយាមចាប់ផ្តើម កិច្ចចរចាឡើងវិញជាមួយគ្នា ប៉ុន្តែការពាក់មុខយក្សដាក់គ្នាជាថ្មីនេះ អាចធ្វើឲ្យពេលជួបគ្នានឹងត្រូវអូសបន្លាយផងក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close