UI_LongBanner

NASA បច្ចេកវិទ្យា Kilopower ជាការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផ្គត់ផ្គង់ថាមពលក្នុងទីអវកាស អាចប្រើប្រាស់សម្រាប់ប្រតិបត្តិការនាពេលយប់

31

អាមេរិក៖ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik បានឱ្យដឹងថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា បច្ចេកវិទ្យា Kilopower ដែលជាការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផ្គត់ផ្គង់ថាមពលក្នុងទីអវកាស អាចប្រើប្រាស់សម្រាប់ប្រតិបត្តិការនាពេលយប់ ព្រមទាំងបេសកកម្មផ្សេងៗទៀតនៅទីនោះ។

បច្ចេកវិទ្យានេះបាននិងកំពុងស្ថិតក្រោមកិច្ចសហការអភិវឌ្ឍន៍រួមគ្នារវាងអង្គការ NASA និងក្រសួងថាមពលអាមេរិក ដែលកំពុងតែត្រូវបានធ្វើតេស្តនៅមូលដ្ឋាន Nevada National Security Site ក្នុងរដ្ឋ Nevada។ ក្រោយការធ្វើតេស្តនៅលើផែនដី បច្ចេកវិទ្យា Kilopower នេះនឹងត្រូវធ្វើតេស្តនៅក្នុងទីអវកាស ដើម្បីបើកផ្លូវសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានេះ ផ្គត់ផ្គង់ថាមពលដល់បេសកកម្ម រយៈពេលយូរនៅលើផ្ទៃព្រះច័ន្ទ និងភពអង្គារ (Mars) ជាដើម។

Kilopower គឺជាប្រព័ន្ធថាមពលរ៉ែអាក់ទ័រធុនស្រាលលក្ខណៈ Fission ដែលមួយគ្រឿងអាចផលិតថាមពលបានដល់ ១០គីឡូវ៉ាត់​ជាប់រហូតសម្រាប់រយៈពេលយ៉ាងតិច ១០ឆ្នាំ។ និយាយរួមទៅគឺតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ពួកវានឹងអាចផ្តល់ថាមពលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់មូលដ្ឋានទំហំសមល្មមមួយ នៅលើផ្ទៃព្រះច័ន្ទ ឬភពដទៃទៀត។

ជាមួយគ្នានេះអង្គការ NASA ក៏មានគោលដៅបញ្ជូនមនុស្សជាថ្មីម្តងទៀត ទៅកាន់ព្រះច័ន្ទនៅឆ្នាំ២០២៤ ប៉ុន្តែមិនមែនគ្រាន់តែទៅជាន់ដីដោតទង់ជាតិ និងប្រមូលគំរូតាងមួយភ្លែតហើយមកវិញ ដូចកាលពីប៉ុន្មានទសវត្សរ៍មុនឡើយ គឺនឹងមានការបោះមូលដ្ឋានស្នាក់នៅរយៈពេលយូរតែម្តង តាមរយៈការយកព្រះច័ន្ទ​ធ្វើទីសំចត (ស្ថានីយច្រកទ្វារអវកាស) និងស្រាវជ្រាវមុននឹងធ្វើដំណើរ​ទៅកាន់កន្លែងផ្សេងៗទៀតជាពិសេសភពព្រះអង្គារ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close