UI_LongBanner

ម៉ោង២រសៀលនេះការប្រឡងនឹងចាប់ផ្ដើមបន្ដទៀត បេក្ខជនប្រឡងបាក់ឌុប ត្រូវចូលតាមមណ្ឌល និងបន្ទប់វិញ

47

ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ១រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ កំពុងតែចូលតាមមណ្ឌល និងបន្ទប់ប្រឡងរបស់ពួកគេហើយ ដើម្បីត្រៀមបន្ដការប្រឡងដែលនឹងត្រូវចាប់ផ្ដើមនៅវេលាម៉ោង ២រសៀលថ្ងៃនេះ ដែលត្រូវនឹងវេនទី២ សម្រាប់ថ្ងៃដំបូងនៃការប្រឡងបាក់ឌុប។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឲ្យដឹងដែថា នៅគ្រប់មណ្ឌលប្រឡងទាំងអស់ គ្រូៗអនុរក្ស ក៏នៅតែបន្ដសកម្មភាពឆែកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទពីបេក្ខជន មុនពេលចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង សម្រាប់រសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅតែបន្តដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន។

សម្រាប់ដំណើរប្រឡងនៅរសៀលថ្ងៃនេះ ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងគីមីវិទ្យា ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៣៖៣០នាទី ហើយភាសាបរទេស ចាប់ពីម៉ោង០៤៖០០នាទី ដល់ម៉ោង០៥៖០០នាទី។ ដោយឡែក សម្រាប់ថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងភូមិវិទ្យា ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៣៖៣០នាទី ហើយភាសាបរទេស ចាប់ពីម៉ោង០៤៖០០នាទី ដល់ម៉ោង០៥៖០០នាទី។

CMA_LongBanner

គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃដំបូង ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ចំនួនបេក្ខជនអវត្តមាន ចំនួន១,៦១៩នាក់ ស្រី៦២១នាក់ ជាភាគរយ១.៣៨%។ ក្រសួងអប់រំ បានបញ្ជាក់ទៀតថា សម្រាប់បេក្ខជន ដែលមានបញ្ហាសុខភាពវិញ មានចំនួន១៩ករណី ប៉ុន្ដែអាចដំណើរការប្រឡងបន្ដទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលប្រឡង។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close