UI_LongBanner

កម្ពុជានឹងមានជើងហោះហើរត្រង់ពីទីក្រុងឆាងឈុន ខេត្តជីលីន ប្រទេសចិន នៅពេលឆាប់ៗខាងមុខ

35

ចិន៖ ក្នុងឱកាសជួបប្រជុំពិភាក្សាការងារ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តជីលីន និងមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជីលីន លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើសុំថ្នាក់ដឹកនាំខេត្ត ជួយជំរុញឲ្យមានការតភ្ជាប់ហោះហើរត្រង់ពីទីក្រុងឆាងឈុន មកប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ ខេត្ដសៀមរាប ឬខេត្តព្រះសីហនុ ឲ្យបានឆាប់បំផុតតាមតែអាចធ្វើបាន។

ដោយក្នុងនោះ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នឹងជួយសម្រួលបែបបទគ្រប់នីតិវិធី និងក៏បានស្នើសុំក្រុមហ៊ុនអាកាសក្នុងស្រុកនៃកម្ពុជា ធ្វើការសិក្សាលើការបើកផ្លូវហោះហើរថ្មីនេះផងដែរ។

លោករដ្ឋមន្ដ្រីក៏បានបញ្ជាក់ជូនថ្នាក់ដឹកនាំ ខេត្តជីលីន អំពីមូលហេតុចំបងៗមួយចំនួន ដែលគួរតែមានជើងហោះហើរត្រង់រវាងកម្ពុជា និងខេត្តជីលីនពីព្រោះថា៖

១៖ មកទល់ពេលបច្ចុប្បន្ននេះ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ច្រើនតែនៅភូមិភាគខាងត្បូង និងភូមិភាគកណ្ដាលហើយ ពុំទាន់មានការហោះហើរត្រង់ពីភូមិភាគខាងជើង នៃប្រទេសចិននៅឡើយទេ លើកលែងតែរដ្ឋធានីប៉េកាំង។

២៖ ក្រុមហ៊ុនអាកាសចរប្រទេសកម្ពុជាចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនចំនួន១៤ក្រុមហ៊ុន ដែលកំពុងធ្វើការហោះហើររវាងប្រទេសទាំងពីរ ហើយការតភ្ជាប់ការហោះហើរពីរាជធានីភ្នំពេញទៅបណ្ដារីក្រុងនានាដល់ទៅ២៣ទីក្រុង, ពីសៀមរាបដល់ទៅ៣៨ទីក្រុង និងពីខេត្តព្រះសីហនុដល់ទៅ១៥ទីក្រុង លើកលែងតែទីក្រុងជីលីន មិនមានការតភ្ជាប់ការហោះហើរនៅឡើយ។

៣៖ ដោយខេត្តជីលីន និងកម្ពុជា មានសក្ដានុពលក្នុងវិស័យទេសចរណ៍ ដោយខេត្តជីលីនមាននូវតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើន និងមានតំបន់ធ្លាក់ទឹកកក នៅរដូវរងារប្រជាជន។

៤ ៖ មានការតភ្ជាប់ការហោះហើររវាងខេត្តជីលីន និងកម្ពុជា ធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌។

ជាការឆ្លើយតបថ្នាក់ដឹកនាំ នៃខេត្តជីលីន ស្វាគមន៍នូវគំនិតផ្ដួចផ្ដើមដ៏ល្អប្រសើរ របស់លោកបណ្ឌិតរដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើការជំរុញឲ្យមានការតភ្ជាប់ការហោះហើរត្រង់រវាងកម្ពុជា និងខេត្តជីលីន ឲ្យបានឆាប់បំផុត និងចង់ឃើញនូវដំណើរទស្សកិច្ច របស់លោកបណ្ឌិតរដ្ឋមន្រ្ដី ឲ្យទៅជាលទ្ធផលនៃការអនុវត្តន៍ ជាក់ស្ដែងទៅលើការបើកជើងហោះហើរត្រង់រវាងទីក្រុងឆានឈុន និងទីក្រុងណាមួយនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្ត បានមានសំណូមពរដលរដ្ឋមន្រ្ដីជួយគាំទ្រ រាល់សំណើររបស់ថ្នាក់ដឹកនាំខេត្ត នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំរវាងអាកាសចរណ៍ទាំងពីរ នាទីក្រុងប៉េងកាំងសប្ដាហ៍ក្រោយផងដែរ។

ថ្នាក់ដឹកនាំខេត្តជីលីន ធ្វើការរៀបចំអញ្ជើញនូវសមាគមទេសចរណ៍ មកជួបជុំគ្នាដើម្បីពិភាក្សាលើការដាក់ជើងហោះហើរត្រង់ មកប្រទេសកម្ពុជាឲ្យឆាប់បំផុត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close