UI_LongBanner

ប្រធានអង្គការអាមេរិក USAID ទំហំនៃការបំផ្លិចបំផ្លាញ របស់ព្យុះហឺរីខិនកំណាចដូរៀន (Dorian) នៅតំបន់សមុទ្រការីបៀន ប្រៀបប្រដូច ទៅនឹងឥទ្ធិពលនៃគ្រាប់បែកនុយក្លេអ៊ែរ

35

អាមេរិក៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC បានឱ្យដឹងថា ប្រធានអង្គការអាមេរិក USAID បានប្រៀបប្រដូចទំហំនៃការបំផ្លិចបំផ្លាញ របស់ព្យុះហឺរីខិនកំណាចដូរៀន (Dorian) ទៅលើប្រទេសដីកោះបាហាម៉ាស់ នៅតំបន់សមុទ្រការីបៀន ទៅនឹងឥទ្ធិពលនៃគ្រាប់បែកនុយក្លេអ៊ែរយ៉ាងដូច្នោះ។

ប្រធាន USAID លោក ម៉ាក ហ្គ្រីន (Mark Green) បានឲ្យដឹងថា លោកបានជិះយន្តហោះ ដើម្បីអង្កេតមើលទំហំនៃការបំផ្លិចបំផ្លាញរបស់ព្យុះ Dorian នៅកោះធំ ហ្គ្រេនបាហាម៉ាស់ (Grand Bahama) និង អាបាកូស (Abacos) ជាទីដែលព្យុះហឺរីខិនកំណាចនោះ បានវាយប្រហារចំពេញទំហឹងកាលពីដើមខែកញ្ញានេះ ខណៈដែលពេលនោះវាបានកើនឡើងថាមពលដល់កម្រិតកំពូល គឺមានកម្លាំងខ្យល់បក់រហូតដល់ជិត ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

គិតត្រឹមពេលនេះចំនួនមនុស្សបាត់បង់ជីវិតស្ថិតត្រឹម ៤៣នាក់ ខណៈអាចរហូតដល់រាប់រយនាក់ទៀតបានបាត់ខ្លួន។ ចំណែកប្រជាជនបាហាម៉ាស់ខ្ទង់ ៧០,០០០នាក់បានបាត់បង់ផ្ទះសម្បែង។ បើតាមលោក Green អង្គការ USAID កំពុងសហការជាមួយរដ្ឋាភិបាលបាហាម៉ាស់ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្ន ស្បៀងអាហារ ទឹក និងថ្នាំសង្កូវ ដើម្បីជួយដល់ប្រជាជនដែល រងការប៉ះពាល់។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយជិត ៣លានដុល្លារដល់បាហាម៉ាស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close