UI_LongBanner

លោក Jack Ma សម្រេចចិត្តលាលែងចេញេពីក្រុមហ៊ុន Alibaba ជាផ្លូវការ ហើយវាក៏ជាថ្ងៃខួបកំណើតឈានចូលវ័យ ៥៥ឆ្នាំ

24

ប៉េកាំង៖  នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថា ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសម្រេចចិត្តយកថ្ងៃអង្គារនេះ លាលែងចេញពីតំណែងជាផ្លូវការ ហើយវាក៏ជាថ្ងៃខួបកំណើតឈានចូលវ័យ ៥៥ឆ្នាំ របស់លោកដែរ។

លោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ផងដែរនោះ បានបង្កើតក្រុមហ៊ុន Alibaba នៅឆ្នាំ១៩៩៩ និងបានប្រែក្លាយក្រុមហ៊ុនមួយនេះ ឱ្យទៅជាក្រុមហ៊ុនអនឡាញដ៏ធំបំផុតមួយនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba មានទ្រព្យសរុប ៤៨០ពាន់លានដុល្លារ ហើយលោក Ma គឺជាកំពូលមហាសេដ្ឋីលេខមួយ នៅក្នុងប្រទេសចិន។

  • តើលោក Jack Ma គឺជានរណា?

កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ ក្នុងគ្រួសារក្រីក្រមួយ នៅខេត្ត Hangzhou ភាគខាងកើត ប្រទេសចិន លោក Jack Ma បានចាប់ផ្ដើមការងាររបស់លោកជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់។ លោក Ma បានទិញកុំព្យូទ័រជាលើកដំបូងនៅអាយុ ៣៣ឆ្នាំ ហើយកំឡុងពេលនោះឯង លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលស្វែងរកមិនឃើញទាល់តែសោះស្រាបៀរចិន នៅលើបណ្ដាញអិនធីណែត ជាហេតុធ្វើឱ្យលោកមានគំនិតបង្កើតក្រុមហ៊ុន Alibaba បើទោះជាលោកគ្មានចំណេះដឹងផ្នែកកុំព្យូទ័រក៏ដោយ។

សព្វថ្ងៃ ក្រុមហ៊ុន Alibaba មានទ្រព្យសរុប៤៨០ពាន់លានដុល្លារ ហើយលោក Ma គឺជាកំពូលមហាសេដ្ឋីលេខមួយ នៅក្នុងប្រទេសចិន និងស្ថិតនៅក្នុងចំណោមអ្នកមានជាងគេនៅលើពិភពលោក ប្រចាំទស្សនាវដ្ដី Forbes ជាមួយទ្រព្យសម្បត្តិ ៣៨.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)។

  • ក្រោយលាលែងពីតំណែង តើលោក Jack Ma នឹងបន្តធ្វើអ្វីទៀត?

បន្ទាប់ពីការលាលែងពីតំណែង លោក Jack Ma នឹងផ្តោតជាសំខាន់លើការងារមនុស្សធម៌ និងវិស័យអប់រំ ដូចដែលលោកធ្លាប់បានប្រាប់កាសែតអាមេរិក New York Times កាលពីឆ្នាំ២០១៨ថា ការលាលែង ឬការចូលនិវត្តន៍របស់លោកមិនមែនជាការបញ្ចប់នោះទេ តែវាគឺជាការចាប់ផ្ដើមសករាជថ្មីសម្រាប់ Alibaba ។ «ខ្ញុំស្រឡាញ់ការអប់រំ»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់លោក Ma ប្រាប់កាសែតអាមេរិក។

គួរបញ្ជាក់ថា លោក Daniel Zhang ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនជំនួសលោក Jack Ma ហើយបើទោះជាលាឈប់ពីតំណែងក៏ដោយ ក៏លោក Ma នឹងបន្តជួយជ្រោមជ្រែងក្រុមហ៊ុន ក្នុងនាមជាអ្នកប្រឹក្សាយោបល់ម្នាក់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close