UI_LongBanner

សម្ដេច ស ខេង ឲ្យយុវជនជំនាន់ក្រោយ ចូលរួមទប់ស្កាត់ទស្សនៈណា បំផ្លាញសន្តិភាព

45

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវ ក៏ដូចជាណែនាំ ទៅដល់យុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី ត្រូវនាំគ្នាការពារសន្តិភាព ជាពិសេសត្រូវចូលរួមទប់ស្កាត់ រាល់ទស្សនៈណា ដែលបំផ្លាញដល់សន្តិភាព ហើយត្រូវជួយផ្សព្វផ្សាយ លើកតម្កើងពីអរិយៈធម៌ វប្បធម៌ និងកិត្តិយសជាតិ លើឆាកអន្តរជាតិ ឲ្យកាន់តែខ្លាំងថែមទៀត។

ក្នុងជំនួបជាមួយសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា-ជប៉ុន និងប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា-ជប៉ុន (SSEAYP) លើកទី៤៦ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ប្រាប់យុវជនជំនាន់ក្រោយ ត្រូវចងចាំឲ្យច្បាស់ ពេលដែលប្រទេស មានសុខសន្តិភាព អ្វីៗក៏មានដែរ អ្វីៗក៏អាចធ្វើបានដែរ។

សម្ដេចឲ្យដឹងទៀតថា “សូមកូនៗក្មួយៗចៅ ជាអ្នកបន្តវេន ត្រូវចូលរួមទប់ស្កាត់ទស្សនៈណាដែលបំផ្លាញដល់សន្តិភាព សកម្មភាពណាដែលប៉ះពាល់ដល់សន្តិភាព ត្រូវចេះសាមគ្គីភាពគ្នា ឯកភាពគ្នា ត្រូវជួយផ្សព្វផ្សាយ លើកតម្កើងពីអរិយៈធម៌ជាតិវប្បធម៌ជាតិ បន្តលើកស្ទួយកិត្តិយសប្រទេសជាតិ ក៏ដូចជានាំយកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ”។

CMA_LongBanner

ក្នុងឱកាសនោះ កញ្ញា សុគុណ សុភ័ក្រ្តរាសូ ប្រធានប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុនជំនាន់ទី៤៦ បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានយកចិត្តទុកដាក់ខ្ពស់ ចំពោះយុវជន ព្រោះយុវជនជាសសរទ្រូងនៃប្រទេសជាតិ។ ដោយសម្ដេចបានណែនាំ ឲ្យពួកគេខំប្រឹងប្រែងរៀនសូត្រ យកបទពិសោធន៍ ពីខាងយុវជននៃប្រទេសដទៃទៀត ដើម្បីផ្សព្វផ្សាយពីអរិយធម៌ វប្បធម៌របស់ជាតិឲ្យពិភពលោកទទួលស្គាល់និងទទួលយកបាន ។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្តល់ឱកាសដល់យុវជនចូលរួមក្នុងសកម្មភាពទំនាក់ទំនងអន្តរជាតិ ការរៀនធ្វើការជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ ។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦នេះ នឹងប្រព្រឹត្តទៅរយៈពេល ៥១ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close