UI_LongBanner

កងទ័ពជើងទឹកថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយចិន ដើម្បីទិញនាវាចម្បាំងដឹកជញ្ជូនធុន Type 071E មួយគ្រឿងក្នុងតម្លៃ ៦.១ពាន់លានបាត ស្មើ២០០លានដុល្លារ

34

ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមលោក លឿឆៃ រុដឌីត (Luechai Ruddit) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bangkokpost បានឱ្យដឹងថា កងទ័ពជើងទឹកថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយចិន ដើម្បីទិញនាវាចម្បាំងដឹកជញ្ជូនធុន Type 071E មួយគ្រឿងក្នុងតម្លៃ ៦.១ពាន់លានបាត ឬ ២០០លានដុល្លារ ដើម្បីជួយសម្រាលបន្ទុកនាវាចម្បាំងដឹកជញ្ជូន HTMS អាងថុង (HTMS Angthong) ដែលថៃកំពុងប្រើប្រាស់។

មេបញ្ជាការកងទ័ពជើងទឹកថៃ លោក Luechai Ruddit បានបញ្ជាក់ទៀតថា ការសាងសង់នាវាចម្បាំងរបស់ចិនខាងលើ នឹងត្រូវចំណាយពេល ០៣ឆ្នាំ ហើយនៅពេលដែលនាវាចម្បាំងនេះត្រូវបានដាក់ឱ្យដំណើរការ នោះវានឹងអនុញ្ញាតឱ្យកងទ័ពជើងទឹកថៃ មានសមត្ថភាពប្រតិបត្តិការនានា កាន់តែទូលំទូលាយជាងមុន។ នាវា Type 071E ដែលមានទម្ងន់ ២០,០០០តោន គឺមានសមត្ថភាពផ្ទុកកងទ័ព និងបរិក្ខាយោធាក្នុងនោះរួមមានឧទ្ធម្ភាគចក្រ រថក្រោះ ឬរថពាសដែកជាដើម។

គួរបញ្ជាក់ថា HTMS Angthong នាវាចម្បាំងដឹកជញ្ជូនតែមួយគត់ ដែលថៃកំពុងប្រើប្រាស់។ នាវចម្បាំងនេះត្រូវសាងសង់ឡើងនៅក្នុងប្រទេសសិង្ហបុរី ដោយចំណាយប្រាក់ ៤.៩ពាន់លាន បាត។ ដូច្នេះការទិញនាវាចម្បាំងប្រភេទនេះមួយគ្រឿងទៀតពីចិន នឹងមិនមែនត្រឹមតែជួយសម្រាលបន្ទុករបស់នាវា HTMS Angthong ប៉ុណ្ណោះទេ តែវាក៏នឹងអាចធ្វើប្រតិបត្តិការរួមគ្នាជាមួយនាវាមុជទឹក Yuan Class S26T ដែលកំពុងស្ថិតនៅក្រោមការសាងសង់ស្រាប់ផងដែរ។

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការទិញនាវាមុជទឹក Yuan Class S26T ពីចិនក្នុងតម្លៃ ១៣.៥ពាន់លានបាតក្នុងឆ្នាំ២០១៧ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង
Open

Close