UI_LongBanner

មនុស្សយ៉ាងហោចណាស់ ០៧នាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅភាគនិរតីនៃប្រទេសកូឡុំប៊ី

39

កូឡុំប៊ី៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៧នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកឡាទីន) នៅឯតំបន់ទីប្រជុំជនមួយកន្លែងនៃទីក្រុង ផូផាយ៉ាន (Popayan) ស្ថិតនៅភាគនិរតីនៃប្រទេសកូឡុំប៊ី។

យោងតាមអាជ្ញាធកូឡុំប៊ី យន្ដហោះខ្នាតតូចខាងលើគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ ត្រេនស្ប៉ាស៊ីហ្វីកូ (Transpacifico) ហើយយន្ដហោះនេះបានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងចេញពីទីក្រុង Popayan នៃតំបន់ខូកា (Cauca)។ តាមរូបនានាឲ្យឃើញថា យន្តហោះនេះបានធ្លាក់ចំលើដំបូលផ្ទះរបស់ប្រជាជនក្នុងតំបន់តែម្តង បណ្តាលឲ្យតួយន្តហោះស្ទើរខ្ទេចទាំងស្រុង ហើយដំបូងផ្ទះបានរងការខូចខាតយ៉ាងដំណំ។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកវិញ យន្ដហោះខ្នាតតូចដែលធ្លាក់នោះ គឺជាយន្ដហោះធុន ផែបភើភីអេ (Piper PA-31-350) មានម៉ាស៊ីន ០២ និងមានគោលដៅហោះហើរចេញពីទីក្រុង Popayan ឆ្ពោះទៅកាន់ទីក្រុង ឡូប៉េស ឌែ មីខាយ (Lopez de Micay) នៃតំបន់ Cauca។ ប៉ុន្តែជាអកុសល យន្ដហោះនេះបានធ្លាក់នៅម៉ោង២៖០០នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) រីឯមូលហេតុធ្លាក់ត្រូវបានបញ្ជាក់ជាបឋមថា បណ្ដាលមកពីបញ្ហាបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង
Open

Close