UI_LongBanner

លិខិតមិត្តអ្នកអាន៖ តើជាការត្រូវបណ្តាសាររបស់លោក កឹម សុខា មែនឬ?

62

ភ្នំពេញ៖ ជីវិតនយោបាយរបស់លោក សម រង្ស៊ី បានធ្លាក់ចុះដុនដាបដល់បាតដាល ដែលមិនអាចស្រោចស្រង់បានឡើយ។ បរាជ័យរបស់លោក សម រង្ស៊ី គឺជាបាបកម្មនៃអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្គ ក្បត់ដៃគូសន្ទនាដ៏វិសេសដែលធ្លាប់បានផ្តល់នូវការឱ្យអភ័យ សណ្តោសប្រណី គឺសម្តេចតេជោ ហ៊ុន សែន ស្ថានិកនៃសន្តិភាព ស្ថានិកនៃការបង្រួបបង្រួមជាតិ។ តើ សម រង្ស៊ី ដល់ពេលវេលាដែលកម្មធំត្រូវផ្តន្ទាកំរិតធ្ងន់ធ្ងរហើយមែនឬ បានជាជននេះ ហ៊ានប្រកាសធ្វើសង្គ្រាមប្រឆាំងនឹងខ្មែរមួយនគរយ៉ាងនេះ?

ពាក្យថា ប្រឆាំងនឹងពលរដ្ឋខ្មែរ គឺចង់ប្រាប់ទៅលោក សម រង្ស៊ី វិញថា ប្រជាជនខ្មែរបាននិងកំពុងរស់នៅយ៉ាងសុខសាន្ត និងពោរពេញដោយសុភមង្គល ក្នុងជីវភាពគ្រួសារ ក្នុងន័យថា ប្រជាពលរដ្ឋបាននិងកំពុងទទួលផលផ្លែផ្លានៃសុខសន្តិភាព គឺមិនដូចអ្វីដែលលោក សម រង្ស៊ី បានចោទប្រកាន់និងការបន្តុះបង្អាប់យ៉ាងងងើលថា ពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនា ឬកំពុងត្រូវប្រឈមនឹងចំណាប់ខ្មាំងរបស់សម្តេចតេជោ ហ៊ុន សែននោះទេ។ ផ្ទុយទៅវិញ ពលរដ្ឋកម្ពុជាបានស្ម័គ្រចិត្តប្រគល់ទឹកដី មាតុភូមិកម្ពុជាទាំងមូលជូនសម្តេចតេជោ ធ្វើជាម្ចាស់ កាន់ចង្កូតដឹកនាំដោយសេចក្តីគោរពស្រឡាញ់បំផុត ហើយក៏ជាមហាភ័ព្វសំណាងផងដែរ ដែលកម្ពុជាមានព្រះមហាក្សត្រ ព្រះអង្គទ្រង់គង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

ងាកមកមើលជនក្បត់នគរឯណេះវិញ! សម រង្ស៊ី ដោយសារតែភាពអត្តនោម័ត និងការប្រកាន់យកនូវគំនិតបរទេសនិយមជ្រុលដ៏ហួសហេតុ គួបផ្សំជាមួយនឹងជម្ងឺតួឯកខាងការប្រឆាំង បោកប្រាស់ប្រជាភិថុត បំផ្លាញជាតិ និងការស្រេកឃ្លានអំណាចខ្លាំងពេក ខណៈដែលជាតិកំណើតរបស់ខ្លួនកើតមក គ្មានភ័ព្វវាសនានឹងបានដឹកនាំប្រទេស។ ម៉្យាងទៀតគាត់មានឳពុកជាជនក្បត់ជាតិ បាននាំឱ្យ សម រង្ស៊ី ដក់ជាប់ដោយគំនុំ និងការសងសឹកគ្មានទីបញ្ចប់។ អីឡូវនេះ សារជាតិពិសពុលដ៏អាក្រក់បំផុតហួសនិស្ស័យជាមនុស្ស និងមិនស័ក្តិសមជាជនជាតិខ្មែរដែលត្រូវមាននូវសីលធម៌ និងសេចក្តីថ្លៃថ្នូរ សម រង្ស៊ី បានផុងជ្រៅទៅក្នុងអំពើពាល ដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតសម្រាប់សង្គមជាតិ គឺថ្លើមធំពាសមេឃ ហ៊ានប្រមាថព្រះមហាក្សត្រ ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជានុរាស្ត្រខ្មែរទូទាំងនគរ។

សម្តី និងទង្វើដ៏សាហាវព្រៃផ្សៃ ស្ទើរនឹកស្មានមិនដល់ បានចេញពីបរបូមាត់ និងសំណេរបង្ហោះបំពុលលើបណ្តាញសង្គមក្នុងចេតនាបំផ្លាញកម្ពុជាឱ្យខ្ទេចខ្ទី ក៏ជនក្បត់រូបនេះ គ្មានវប្បដិសារីអ្វីបន្តិចសោះ។

សម រង្ស៊ី មិនខ្លាចញញើតថាមានពៀរវេរា ឬបាបកម្ម ដែលនឹងកើតចេញពីទង្វើលាមករបស់គាត់ នឹងនាំជាតិកំណើតឱ្យធ្លាក់ចូលក្នុងអបាយភូមិ តិរច្ឆាន នរក ប្រែត ឬអសុរកាយនៅពេលអស់ជីវិតទៅនោះទេ គឺជននេះគ្មានថ្ងៃភ្ញាក់រលឹក ឬដឹងកំហុសរបស់ខ្លួនឡើយ។

ដូចនេះកុំថាឡើយ សម រង្ស៊ី សុខចិត្តកែប្រែឥរិយាបថ ងាកមកចូលរួមកម្លាំងកសាង និងអភិវឌ្ឍប្រទេសជាតិ ផ្ទុយទៅវិញភាពគឃ្លើនរបស់ រង្ស៊ី កាន់តែពិសពុល បានស្តែងចេញជាថ្មី បើទោះជាដឹងថា ត្រូវដល់ទឹកចុងក្រោយនៃដង្ហើមនយោបាយក្តី ជននេះកាន់តែព្រៃផ្សៃជាងពពួកទមិឡអន្យតិរ្ថិយទៅទៀត គឺតាមរយៈការប៉ុនប៉ងអនុវត្តផែនការខ្មៅ ដោយគាត់បានប្រកូកប្រកាស បង្ហោះបញ្ជូនសារបោកប្រាស់ ភូតកុហក គ្រប់មធ្យោបាយទុចរិត ដើម្បីញុះញង់ និងល្បួងលួងលោមសកម្មជនងុបងុលមួយចំនួន ឱ្យចេញមុខធ្វើសកម្មភាព ស្ម័គ្រស្លាប់ជំនួសគាត់ គឺគាត់ហ៊ានលះបង់ជីវិតមនុស្សដោយការ ជួលតម្លៃខ្លួនម្នាក់ៗ១០០ដុល្លារ ដើម្បីឱ្យអ្នកដទៃនោះទៅរងគ្រោះ ឬអាចប្រឈមនឹងការចាប់ខ្លួន រងរបួស បង្ហូរឈាម ឬរហូតដល់ស្លាប់បាត់បង់ជីវិតទៀតផង។

សម រង្ស៊ី មិនខ្លាចសោះឡើយដឹកនាំការដុតបំផ្ទុះកំហឹង ញុះញង់ ធ្វើយ៉ាងណាដើម្បីឱ្យកម្លាំងសមត្ថកិច្ចទប់ស្កាត់ ឬប្រើវិធានការក្តៅនោះហើយដែលជា គោលបំណងធំរបស់ សម រង្ស៊ី គឺគាត់នឹងយកធ្វើជាជម្រើសនៃការដកថយ ក្នុងផែនការវិលចូលស្រុកវិញ ដោយទម្លាក់កំហុសទាំងអស់ ថាប្រទេសស្ថិតក្នុងស្ថានភាពភាពវឹកវរ ចលាចល ដើម្បីគាត់យកធ្វើជាលេសឱ្យបរទេសស្រែកបំពងសំឡេងគាបសង្កត់មកលើរាជរដ្ឋាភិបាល ឬចោទប្រកាន់ថាប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរជាដើម។

ម៉្យាងវិញទៀត ការរំពឹងទុកថានឹងមានកម្លាំងគាំទ្រចូលរួមទៅទទួលលោក សម រង្ស៊ី ច្រើនគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ត្រូវបានពួកឧទ្ទាមកំណត់យកការបំផុសចលនាកញ្ជ្រោកពីខាងក្នុងប្រទេស ឱ្យងើបបះបោរ ប៉ុន្តែផែនការខ្មៅនេះ ទទួលបរាជ័យទៅហើយ ដោយសារសមត្ថកិច្ចបានចាត់វិធានការ និងព្រមានចំណាត់ការផ្លូវច្បាប់ក្នុងកម្រិតធ្ងន់ធ្ងរថែមទៀតបើមានក្រុមណាមួយហ៊ានធ្វើសកម្មភាពខុសច្បាប់ បំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសជាតិ។

បញ្ហាត្រួសៗដូចបានពិព៌ណនាមកនេះ ក៏សមល្មមជាការក្រើនរំលឹកដល់ពលរដ្ឋខ្មែរមួយចំនួនតូចដែលនៅបន្តចាញ់ឧបាយកលបោកប្រាស់របស់ពួកក្រុមឧទ្ទាម អាចពិចារណាដកខ្លួនថយចេញឱ្យឆ្ងាយពីការចូលរួមសកម្មភាពជាមួយពួកក្រុមបក្សនយោបាយដែលត្រូវបានរំលាយដោយច្បាប់នេះ។
អវសាន្តនៃជីវិតនយោបាយរបស់ ទណ្ឌិត សម រង្ស៊ី បានខិតជិតមកដល់ហើយ។ បាបកម្ម នៃអំពើក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ពិតជាបានកើតចេញពីទង្វើដ៏អាក្រក់ជួរជាតិរបស់បុគ្គលរូបនេះ ដែលបានប្រព្រឹត្តនូវកំហុសម្តងហើយម្តងទៀត ទាំងកំហុសនៃអំពើក្បត់ដៃគូសន្ទនា ទាំងសកម្មភាពនៃការប៉ុនប៉ងដណ្តើមអំណាចក្រៅច្បាប់ និងមិនធ្វើឡើងតាមគោលការណ៍ប្រជាធិបតេយ្យ បានរុញ សម រង្ស៊ី ឱ្យដើរដល់មាត់ជ្រោះមរណៈ ឬស្ថិតក្នុងសភាព « ចុះទឹកក្រពើ ឡើងលើខ្លា» ដូច្នោះដែរ។

កំហុសយុទ្ធសាស្ត្រនយោបាយ ឬការប្រថុយបំផុសយកកម្លាំងប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី នឹងមិនអាចកើតមានបានឡើយ។ រាសីរបស់ទណ្ឌិត សម រង្ស៊ី បានធ្លាក់ចុះទាបបំផុត គឺជើងលេខស្ថិតនៅចំកន្លែង « កំបុតក្បាល»។ នេះហើយដែលគេហៅថា « យីអ៊ុនដាក់អារ័ក្សជាន់»។ តើហេតុអ្វីបានជា សម រង្ស៊ី ត្រូវអស់លក្ខណ៍ និងស្គាល់តែពាក្យចាញ់ក្នុងមួយជីវិតបែបនេះ?

ប្រជាជនខ្មែរភាគច្រើន ពិតជាមានជំនឿលើវត្ថុស័ក្តិសិទ្ធក្នុងលោក និងប្រកាន់ខ្ជាប់នូវពាក្យសច្ចាប្រណិធាន ការស្បថស្បែរ គឺគេជឿថា បើកើតមកជាមនុស្សគប្បីខិតខំ កសាងនូវអំពើល្អ ទាំងកាយ វាចា និងចិត្ត ហើយបើជាអ្នកនយោបាយ ឬជាឥរស្សរជនដែលមានបំណងខ្ពស់ក្នុងការដឹកនាំជោគវាសនារបស់ប្រទេសជាតិទៀតនោះ គឺដាច់ខាតមិនធ្វើនូវទង្វើណាដែលជាអំពើក្បត់ផលប្រយោជន៍ប្រជាជន ឬក៏មិនប្រព្រឹត្តនូវទង្វើដែលប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរបស់បុគ្គល ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសនោះទេ។ ដូចនេះ សម រង្ស៊ី គ្មានលក្ខណៈសម្បត្តិស័ក្តិសមជាបុគ្គលដែលមានតម្លៃក្នុងសង្គម ឬដើម្បីនឹងនាំកិត្តិយស ឬភាពសុខសាន្តជូនប្រជាជនកម្ពុជាសោះឡើយ។ ទណ្ឌិត សម រង្ស៊ី បានរួមរិតដោយសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីបន្ថែមលើ «ទោសពានវាំងផង និងទោសក្បត់ជាតិ» ទៀតផង។ បើតាមអំណាចផ្លូវច្បាប់ សម រង្ស៊ី ត្រូវប្រឈមនឹងការស្រូបទោស ដោយសារតែសកម្មភាពភាពនៃការប្រព្រឹត្តបទល្មើសត្រូវទទួលទោសច្រើនឆ្នាំក្នុងសំណុំរឿងនីមួយៗ។ ដូចនេះ បើទោះបីជាគាត់ស្លាប់ទៅ ក៏មិនទាន់រួចផុតអំណាចសាលដីកាដែលបានវិនិច្ឆ័យសេចក្តីតាមផ្លូវច្បាប់សម្រាប់ផ្តន្ទាទោសចំពោះអំពើល្មើសរបស់គាត់ផង។

រៀបរាប់មកដល់ចំណុចនេះ ធ្វើឱ្យគេនឹកឃើញដល់សម្តីវាយប្រហារ ជេរប្រមាថគ្នាខ្លាំងៗរវាងលោក កឹម សុខា និងលោក សម រង្ស៊ី កាលពីអតីតកាល គឺជនទាំងពីរនេះ ប្រៀបបាននឹងគូសត្រូវដ៏ខ្លាំងក្លា។ នៅពេលមួយនោះ ដើម្បីដណ្តើមប្រៀបឈ្នះ លោក កឹម សុខា បានដាក់ទំនាយទៅលោក សម រង្ស៊ី ថា «បើ សម រង្ស៊ី បង្ខូចគាត់ សូមឱ្យបក្សសម រង្ស៊ី រលាយ ហើយមេដឹកនាំហ្នឹងខ្ចាត់ព្រាត់»។ លោក កឹម សុខា ក៏បានបន្ថែមនូវពាក្យសម្តីវាយប្រហារមួយចំនួនទៀតផងដែរទៅលើលោក សម រង្ស៊ី។

ដូចនេះការរលំរលាយបាត់បង់ហិចហោចខ្ទេចខ្ទីអស់គណបក្ស ការវិនាសខ្ចាត់ព្រាត់ ការរត់ចោលស្រុកនៃឆាកជីវិតរបស់ទណ្ឌិតសម រង្ស៊ី ពិតណាស់ថា វាជាបាបកម្មរបស់មនុស្សចាញ់ពាក្យសម្បថ ឬក៏ជាការត្រូវទំនាយ បណ្តាសាររបស់លោក កឹម សុខា ដែលអតីត និងបច្ចប្បន្នជាគូសត្រូវឈាមត្រជាក់នឹងគ្នានេះឯងផងក៏ថាបាន នេះមិនគិតដល់ការស្បថបំពាននៅចំពោះមុខព្រះមហាស្វេតឆ័ត និងវត្ថុស័ក្តិសិទ្ធនៅឯប្រាសាទអង្គវត្តដ៏ល្បាញល្បីកសាងដោយបុព្វបុរសខ្មែរទៀតផង។

ស្ថានភាពរបស់ទណ្ឌិត សម រង្ស៊ី នៅពេលនេះ គឺប្រៀបបាននឹងមនុស្សត្រដរខ្យលជិតស្លាប់ ឬប្រៀបដូចជនក្បត់ដែលកំពុងជួបគ្រោះធំដោយសារតែទេវតាបរាមុខ អ័ព្វអស់រាសី គ្មានតម្លៃជាមនុស្សដែលប្រជាជនខ្មែរស្វាគមន៍ទៀតឡើយ។ សម រង្ស៊ី គឺជាជនថោកទាបដែលប្រជាជនខ្មែរទូទាំងនគរប្រកាសថ្កោលទោស។ ទណ្ឌិត សម រង្ស៊ី ពិតជាត្រូវបណ្តាសាររបស់លោក កឹម សុខា ពិតមែន!

សូមស្តាប់ការវាយប្រហារ និងការដាក់បណ្តាសាររបស់លោក កឹម សុខា ទៅលើលោក សម រង្ស៊ី ដូចតទៅ៖

អត្ថបទដែលជាប់ទាក់ទង
Open

Close