UI_LongBanner

ម្ចាស់សហគ្រាស ប្រជាពលរដ្ឋ និងកម្មករ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

144

(ភ្នំពេញ)៖ ម្ចាស់សហគ្រាសឯកជន ប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់នូវកាដូសេវាជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌជូនពួកគាត់ ដែលបានចូលរួមកាត់បន្ថយការចំណាយមួយចំនួន។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក លាង ឡេង ប្រធានអ្នកគ្រប់គ្រងសហគ្រាសផលិតទឹកត្រីម៉ាក «លាង ឡេង» បានថ្លែងថា ក្នុងនាមជាម្ចាស់សហគ្រាសឯកជន បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលសម្តេចតែងតែយកចិត្តដាក់ ពីបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបានយកចិត្តទុកដាក់ ទៅលើការធ្វើដំណើររបស់ពួកគាត់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយសម្តេចបញ្ចេញរថយន្តក្រុងចំនួន១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ធ្វើដំណើរទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃសេវា។

លោក លាង ឡេង បានបន្តថា ក្នុងនាមជាវិស័យឯកជន លោកមានសេចក្តីរំភើបរីករាយ ដល់រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដោយឡែកសម្រាប់បុគ្គលិក ដែលបម្រើការងារនៅក្នុងសហគ្រាស លាង ឡេង ចំនួនជាង៦០នាក់ មាន៣០នាក់ ប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ បន្ថែមពីនេះ ពួកគេទាំងអស់គ្នា មានសេចក្តីរីករាយ យ៉ាងខ្លាំងបន្ទាប់ពីទទួលបានគ្រឿងទេសមានទឹកត្រី ទឹកស៊ីអ៊ីវ សម្រាប់យកទៅផ្ទះ ហើយទទួលបាននូវការធ្វើដំណើរ ទៅលេងស្រុកកំណើតមិនអស់ថវិកាទៀតនោះ ធ្វើឱ្យពួកគាត់រឹតតែមានជំនឿ ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល កាន់តែខ្លាំងឡើងផងដែរ។

លោក លាង ឡេង បានបញ្ជាក់ថា កត្តាទាំងនេះ គឺកើតមានឡើងដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ពេលឈប់សម្រាកចុងសប្តាហ៍ និងរដូវបុណ្យទានផ្សេងៗ ហើយការទទួលបានសេវារថយន្តក្រុងនេះ ជាផ្នែកជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់គាត់ បានមួយកម្រិតទៀត។

កញ្ញា ពូ អាហ្វីនី ជនជាតិខ្មែរ ឥស្លាម មានស្រុកកំណើតនៅក្រុងប៉ោយប៉ែត បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះការធ្វើដំណើររបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅរដូវបុណ្យទាននេះ បើទោះបីជាកញ្ញាមិនមែនជាពុទ្ធសាសនិកក្តី ប៉ុន្តែកញ្ញាមានភាពកក់ក្តៅទទួលបានថ្ងៃឈប់ សម្រាក់ដូចពុទ្ធសាសនិកផងដែរ។

កញ្ញា ពូ អាហ្វីនី បានបញ្ជាក់ថា ការផ្តល់សេវារថយន្តក្រុង ដោយមិនគិតថ្លៃសេវានេះ ធ្វើឱ្យកញ្ញាកាត់បន្ថយនូវការចំណាយ៧ម៉ឺនរៀល ឬ៨ម៉ឺនរៀល ទាំងទៅទាំងមក ទាំងនេះបានចូលរួមកាត់បន្ថយការចំណាយរបស់កញ្ញាបានមួយចំនួន ដើម្បីទុកប្រាក់ទិញសម្ភារប្រើប្រាស់ផ្សេងជូនដល់ឪពុក ម្តាយនៅឯកស្រុកកំណើត។

តាមរយៈការផ្តល់បទសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់រថយន្តក្រុងសាធារណៈ ១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ។ ពួកគាត់ថា សកម្មភាពនេះ គឺជាការគិតគូមួយដ៏ល្អពីប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ ព្រមទាំងជាការរួមចំណែកកាត់បន្ថយ បាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ជារៀងរាល់ឆ្នាំសម្រាប់អ្នកដំណើរដែលរស់នៅឆ្ងាយៗ ត្រូវចំណាយប្រាក់យ៉ាងហោចណាស់១០ម៉ឺនរៀល ក្នុងការធ្វើដំណើរទៅវិញទៅមក រាល់ពេលទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យទានម្តងៗ ហើយសម្រាប់អ្នកមានសមាជិកច្រើនវិញ ត្រូវចំណាយយ៉ាងហោចណាស់ ៣០ម៉ឺនរៀលឯណោះ។

បើតាមប្រជាពលរដ្ឋ ការជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃនេះ បានធ្វើឱ្យពួកគាត់ចំណេញថវិកាយ៉ាងច្រើន ហេតុដូច្នេះហើយប្រជាពលដ្ឋ បានសំណូមពរឱ្យមានសកម្មភាពបែបនេះ ជាបន្តបន្ទាប់ទៀត ជារៀងរាល់ឆ្នាំ មិនថានៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងពីធីបុណ្យជាតិនានានោះទេ។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមាសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបន្តផ្ដល់សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំបន្ថែមទៀត ជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់។ ជាមួយគ្នានេះដែរ សម្រាប់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ចេញរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងត្រលប់មករាជធានីភ្នំពេញវិញ ដោយមិនគិតថ្លៃផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close