UI_LongBanner

គណៈកម្មការសិទ្ធិមនុស្សកម្ពុជា បដិសេធអនុសាសន៍របស់អ្នករាយការណ៍ពិសេសស UN លើការរំលាយ CNRP

68

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសស្វាគមន៍នូវអនុសាសន៍មួយចំនួនរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូណា ស្មីត លើការកែលំអរស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តែមិនទទួលយកឡើយចំពោះអនុសាសន៍ពាក់ព័ន្ធការរំលាយអតីតគណបក្សសង្គ្រោះជាតិ (CNRP)។

លោកស្រី រ៉ូណា ស្មីត នៅក្នុងរបាយការណ៍ទៅ កាន់ សម័យ ប្រជុំ នៃ ក្រុម ប្រឹក្សា សិទ្ធិ មនុស្សអង្គការ សហប្រជាជាតិ លើក ទី ៤២ នៅ ទីក្រុង ហ្សឺណែវ ប្រទេស ស្វីស កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានលើកបង្ហាញពីក្តីកង្វល់មួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់កែលំអរស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយក៏បានផ្តល់អនុសាសន៍ជុំវិញបញ្ហាស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសការអនុវត្តន៍វិធានការច្បាប់ទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយតបទៅនឹងអ្វីដែលលោកស្រី រ៉ូណា ស្មីត បានលើកឡើង។

ក្នុងសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមស្វាគមន៍នូវការបង្ហាញពីការវិវឌ្ឍជាវិជ្ជមានជាច្រើនអំពីស្ថានភាពសិទ្ធិមនុស្សលើគ្រប់វិស័យនៅកម្ពុជា រួមមាន ការចូលរួមនិងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល យន្តការនៃការសរសេររបាយការណ៍សិទ្ធិមនុស្ស និងកិច្ចសហការជាមួយយន្តការ
សិទ្ធិមនុស្សអន្តរជាតិ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ នយោបាយ និងសិទ្ធិរបស់ក្រុមនិងជនជាក់លាក់មួយចំនួន ដូចជា ស្ត្រី កុមារ ជនមានពិការភាព ជនជាតិដើមភាគតិច និងអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។ល។ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សានូវសន្តិភាពនិងស្ថិរភាពសង្គម ការអភិវឌ្ឍប្រទេសនិងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលស្គាល់នូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា និងសូមស្វាគមន៍ផងដែរនូវអនុសាសន៍របស់អ្នករាយការណ៍ពិសេសដែលផ្អែកលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិមនុស្ស ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។

តែទោះជាយ៉ាងណាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានច្រានចោលអនុសាសន៍ពាក់ព័ន្ធអតីតគណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំបក្សដែលត្រូវបានរំលាយដោយអំណាចច្បាប់របស់កម្ពុជានេះ។ គណៈកម្មាធិការសិទ្ធិមនុស្សចាត់ទុកអនុសាសន៍លើបញ្ហានេះ មានចរិតជានយោបាយ ហើយមិនអាចអនុវត្តបាន ព្រោះផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិរបស់កម្ពុជា រួមទាំងគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងការបែងចែកអំណាចដូចជាអនុសាសន៍ពាក់ព័ន្ធទៅនឹងការរំលាយអតីតបក្សសង្គ្រោះជាតិដោយអំណាចសាលដីកាតុលាការកំពូល វិធានការច្បាប់លើថ្នាក់ដឹកនាំនិងសកម្មជនមួយចំនួនតូចនៃអតីតបក្សសង្គ្រោះជាតិ ដោយសារតែបានប្រព្រឹត្តបទល្មើសជាដើម។ល។

ក្នុងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្តែងការសោកស្តាយ ដែលមានក្រុមអតីតបក្សប្រឆាំង រួមទាំងអង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានមួយក្តាប់តូច ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានឆ្លៀតយកក្តីបារម្ភរបស់លោកស្រី រ៉ូណា ស្មីត ទៅបំប៉ោង បំផ្លើស និងបំភ្លៃឱ្យខុសពីការពិត ដើម្បីធ្វើជារបៀបវារៈនយោបាយ វាយប្រហារនិងរិះគន់ដោយអសុទ្ធិចិត្តមកលើរាជរដ្ឋាភិបាល ដែលទាំងនេះ មិនមែនជាចេតនាដើម និងពិតប្រាកដរបស់អ្នករាយការណ៍ពិសេស និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ស្នើសុំដោយទទូចផងដែរដល់គ្រប់ស្ថាប័ន និងយន្តការនានារបស់អង្គការសហប្រជាជាតិ មេត្តាគោរពតាមបទប្បញ្ញត្តិនានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ផ្សេងៗនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ ព្រមទាំងអាណត្តិការងារ នៅក្នុងដំណើរការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងដើម្បីជាគំរូល្អដល់រដ្ឋជាសមាជិក។

ក្នុងសេចក្តីថ្លែងការណ៍នេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងជាថ្មីម្តងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការថែរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ តាមរយៈយន្តការនៃការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការលើកលែងព្រមទាំងបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close