UI_LongBanner

ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យាទាំងនៅតំបន់អាស៊ី និងថ្នាក់ពិភពលោក

117

ភ្នំពេញ៖ ពិតជាគួរឲ្យមោទនភាពកុមារីរបស់កម្ពុជាមួយរូប បានបន្តសាងភាពល្បាញល្បីលើឆាកអន្តរជាតិ តាមរយៈការប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យា ទាំងកម្រិតតំបន់អាស៊ី (Asia’a Top 100 Students) និងកម្រិតថ្នាក់ពិភពលោក (World Top 100 Students) ដោយបន្តដណ្តើមបានចំណាត់ថ្នាក់លេខ១ទាំងពីរផ្នែក។

កុមារីដែលសាងមោទនភាព និងភាពល្បាញល្បីសម្រាប់ជាតិកម្ពុជានេះ មានឈ្មោះ ហ៊ុន ពេជ្រមុន្នីលីណា ជាចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។

លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងកម្រិតថ្នាក់ពិភពលោកបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតថ្នាក់អាស៊ី ទទួលបានពិន្ទុ ១៥១៣៩ និងកម្រិតពិភពលោក ទទួលបានពិន្ទុ១៥២៣៩។ នេះបើយោងតាមតារាងលទ្ធផលដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់លេខ១ របស់កុមារិនី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលំដាប់កំពូលលើគេហទំព័រ «Asia’a Top 100 Students» និង «World Top 100 Students» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។ លទ្ធផលនេះ ក៏បានលើកតម្លៃផងដែរ ពីការអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close