UI_LongBanner

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃស្អែក

35

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖ «អនុលោមគោរពតាមការយល់ព្រមពី សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដឹកនាំប្រតិភូនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អញ្ជើញមកធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្តល់ បទបង្ហាញពិគ្រោះស្វែងយល់ ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង០៨.៣០»

កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ នឹងដឹកនាំដោយ ប្រធានប្តូរវេន លោក កែម រិទ្ធិសិត ប្រធាន គណបក្ស ខ្មែរ តែ មួយ ដែលនឹងពិភាក្សា អំពីបរិបទនៃការកំណត់ខណ្ឌសីមា និងដំណើរការ នៃការបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានសារៈសំខាន់ សម្រាប់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទទួលបាននូវ មូលដ្ឋានជំនួយស្មារតី ក្នុងកិច្ចការពន្យល់បកស្រាយដល់ប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការ លើបរិបទនៃ ការខិតខំប្រឹងប្រែងពុះពារ របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ក្នុងការកសាង ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ រវាងកម្ពុជា និងប្រទេសជិតខាង។

សូមបញ្ជាក់ថា ការអនុញ្ញាតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដាក់សំណើផ្លូវការមួយជូន សម្តេច ដើម្បីអញ្ជើញ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

កាលពីសប្តាហ៍មុននេះ កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន២ រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះ សម្រេចបានប្រមាណ ៨៤ភាគរយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close