UI_LongBanner

ព្រះកេសលោកេស្វរៈចំនួនមួយ ត្រូវបានប្រទះឃើញពេលកំណាយជួសជុលខ្លោងទ្វារ ចូលខាងកើតប្រាសាទតានៃ

77

សៀមរាប៖ ព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ ឬលោកេស្វរចំនួនមួយ ធ្វើពីថ្មភក់ត្រូវបានប្រទះឃើញ ខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយនៅក្នុងខ្លោងទ្វារចូល ខាងកើតប្រាសាទតា នៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។​ អាជ្ញាធរជាតិអប្សរាបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែតុលានេះ។

តាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ចម្លាក់ព្រះកេសលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ ប្រទះឃើញ គឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មាន ត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងរុះរបកសាច់ថ្ម។

សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយ ធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថា មានដងខ្លួននៅកន្លែងនេះដូចគ្នា។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងធ្វើ ការវាស់ទំហំព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ បានឱ្យដឹងថា ព្រះកេសនេះធ្វើពីថ្មភក់ មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់៣៦ស.ម។

ព្រះកេសព្រះពោធិសត្វ លោកេសូរ ឬ លោកេស្វរៈ បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទ ស្នើរយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

ចំពោះព្រះកេសលោកសូរខាងលើនេះ លោក សុម៉ាឡា ក៏បញ្ជាក់ដែរថា ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ យើងតែងឃើញចម្លាក់ ប្រភេទនេះមានព្រះហស្ថ២, ៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្តាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹង បដិមាប្រាជ្ញាបារមិតាដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close