UI_LongBanner

សម្តេច ហេង សំរិន ស្នើឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស សហការជាមួយស្ថាប័ននានារបស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យបានកាន់តែរឹងមាំ

22

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់លោក ណាហ្សមុល កាវនិន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចំាព្រះរាជាណាចក្រកម្ពុជា ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការឱ្យជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានារបស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាឲ្យកាន់តែស្អិតរមួត និងកាន់តែរឹងមាំឡើងថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងស្នើយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសទទួលជួបសវនាការជាមួយលោក ណាហ្សមុល កាវនិន ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ទៀតថា ចំពោះរដ្ឋសភាកម្ពុជាបានត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់លោក ណាហ្សមុល កាវនិន នៅកម្ពុជាទទួលបានជោគជ័យ ហើយសម្តេចចង់ឃើញប្រទេសទំាងពីរ កម្ពុជា-បង់ក្លាដេស បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ផងដែរ។

លើកឡើងក្នុងឱកាសនោះដែរ លោក ណាហ្សមុល កាវនិន បានអបអរសាទរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានដឹកនាំរដ្ឋសភាជាថ្មីទៀតនៅក្នុងអាណត្តិថ្មីនេះ។ ឆ្លងតាមបទពិសោធន៍ដឹកនាំ កសាងប្រទេស ជាពិសេសការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាច្រើនឆ្នាំមកនោះ លោកមានជំនឿមុតមាំថា សម្តេចនឹងនាំមកនូវភាពជោគជ័យថ្មីៗជាច្រើនទៀត ជូនដល់ប្រទេស និងរដ្ឋសភាកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំសម្តេចជួយជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងបង់ក្លាដេស ជាពិសេសដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាកម្ពុជា-បង់ក្លាដេស ទៅកាន់ប្រទេសបង់ក្លាដេសក្នុងពេលសមស្របណាមួយ។ ជាមួយគ្នានោះលោកបានពាំនាំការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដេស ដែលបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅបង់ក្លាដេសផងដែរ។

លោក ណាហ្សមុល កាវនិន ក៏បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលកើតមានតំាងពីសម្តេចព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេសមកម្លេះ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានបន្តវប្បធម៌ដ៏ល្អនេះ ក្នុងនោះថ្នាក់ដឹកនាំបង់ក្លាដេសបានសម្រេចយកព្រះនាមសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដាក់ឈ្មោះមហាវិថីមួយនៅប្រទេសបង់ក្លាដេស។ ហើយកម្ពុជាបានសម្រេចយកឈ្មោះអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស ដាក់ឈ្មោះមហាវិថីមួយដែរ។ លោកបានគូសបញ្ជាក់ថា កម្ពុជានិងបង់ក្លាដេស មានអតីតកាលប្រហាក់ប្រហែលគ្នា ឆ្លងកាត់សង្រ្គាម និងពេលបច្ចុប្បន្នបានទទួលស្គាល់នូវសន្តិភាព និងការអភិវឌ្ឍដូចគ្នាផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើខាងលើ និងបានគូសបញ្ជាក់ថា សម្តេចនឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ។ តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចបានគោរពអញ្ជើញលោកស្រីប្រធានរដ្ឋសភា បង់ក្លាដេស មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប (ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ខាងមុខផងដែរ។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នាលើវិស័យអទិភាពជាច្រើន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា សំដៅនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង និងរួមចំណែកយ៉ាងធំធេងដល់ការការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោក នៅក្នុងបរិបទសភាពការណ៍សកលលោកប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close