UI_LongBanner

សមត្ថកិច្ចចុះបង្ក្រាបទីតាំង «ណេត» បង្កប់ល្បែងស៊ីសងមួយកន្លែង ដកហូតកុំព្យូទ័រជាង២០គ្រឿង

64

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកយស់ យុទ្ធី អភិបាលរងខណ្ឌ លោកប្រធានរដ្ឋបាលខណ្ឌ និងលោកអធិការរងខណ្ឌ បានចុះបង្ក្រាបទីតាំងអ៊ីនធឺណេតបង្កប់ល្បែងស៊ីសងគ្មានស្លាកយីហោមួយកន្លែង កាលពីវេលាម៉ោង៣រសៀលនាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីលោកយស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងយ៉ាងខ្លីថា ក្នុងប្រតិបត្តិការនេះអាជ្ញាធរខណ្ឌបានធ្វើការដកហូតកុំព្យូទ័រជាង២០គ្រឿង និងឃាត់មនុស្សប្រុសស្រីចំនួន១២នាក់យកទៅធ្វើការអប់រំ ។

តាមសម្តីលោកមេប៉ុស្តិ៍ផ្សារកណ្តាលទី១ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សំរាប់មនុស្ស លោកមិនដឹងទៅណាអស់ទេ ខណៈរូបលោកកំពុងធ្វើកុណត់ហេតុ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានឲ្យដឹងថា ទីតាំងនេះបានបើកអាជីវកម្មជាយូរណាស់មកហើយ និងមនុស្សចេញចូលជាច្រើនជារៀងរាល់ថ្ងៃ ទើបតែថ្ងៃនេះឃើញមានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបនិងដកហូតកុំព្យូទ័រ តែបែរជាមិនមានការចាប់ឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកចូលលេងទៅវិញ ។

ក្រោយកើតហេតុកម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានលើកយកកុំព្យូទ័រជាង២០គ្រឿងខាងលើទៅរក្សាទុកនៅសាលាខណ្ឌ ដោយមិនមានការឃាត់ខ្លួនម្ចាស់ទីតាំង និងបិទឃ្លុំបេក្រដាសអ្វីនោះទេ គ្រាន់ចាក់សោធម្មតាប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close