UI_LongBanner

កម្ពុជាត្រូវការ​ថវិកាជិត​​ ៦០ពាន់​លាន​ដុល្លារ​ ​ដើម្បីសម្រេច​ផែនការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​រយៈពេល ៥ឆ្នាំ​

33

ភ្នំពេញ៖ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​ ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នៅថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ។​ ដើម្បី​សម្រេច ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំនេះ​ ត្រូវការ​ប្រភព​ហិរញ្ញប្បទាន​ដោយ​ធនធាន​ក្នុង​ស្រុក​ និង​ធនធាន​ក្រៅ​ស្រុក​ ព្រមទាំង​វិនិយោគមូលធន​របស់​វិស័យ​សាធារណៈ​ និង​ឯកជន​ប្រមាណ​ជា​ ៥៩.៩​ពាន់​​លាន​ដុល្លារ​អាមេរិក​។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញនៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ បានមានប្រសាសន៍ថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖១)ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើនប្រកបដោយបរិយាប័ន្ន ២)ការពង្រីកវិស័យកសិកម្ម ៣)ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង ៤)ការគ្រប់គ្រងការធ្វើចំណាកស្រុកនិងនគរូបនីយកម្ម ៥)ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុនិងការកាប់ព្រៃឈើ ៦)ការធានានូវអភិបាលកិច្ចល្អប្រសើរ និង៧)កែលម្អមូលដ្ឋាន​ធនធានមនុស្ស។ សម្តេចតេជោបន្តថា ទោះបីជាយើងជួបនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តកា​រ​ងារ​អាទិភាពទាំងនេះ តែយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារគន្លឹះទាំងឡាយនៅក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗគួរជាទីមោទនៈក្នុងពេកកន្លងមក។

បើតាមប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការបង្កើតនូវបរិយាកាសអំណោយផលមួយសម្រាប់ធានាឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើឱ្យសេដ្ឋកិច្ចមានកំណើន​ថេរ ក្នុងរង្វង់៧% និងការសម្រេចបាននូវវឌ្ឍនភាពក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រស្របតាមឆន្ទៈនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះមុខនេះ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រនិងជំរុញល្បឿននៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធ​ភាព ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សូមជម្រាបថា បើតាក្រសួងផែនការ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ ត្រូវបាន​រៀបចំ​ឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៤-២០១៨ ដែល​ត្រូវបាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ​២០១៨ ក្នុង ​នីតិ​កាល​ទី​៥ នៃ​រដ្ឋសភា​កន្លងទៅ​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ មាន​តួនាទី​យ៉ាងសំខាន់​​ក្នុង​ការអនុវត្ត​គោលនយោបាយអាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់
​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close