UI_LongBanner

វៀតណាម ត្រៀមនាំយកសាកសពជនជាតិវៀតណាមទាំង៣៩នាក់ ដែលត្រូវ​បានរកឃើញក្នុងរថយន្តកុងតឺន័រមួយគ្រឿង ក្បែរទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស

63

ឡុងដ៍៖ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន CNA បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ខ្លួនកំពុងតែត្រៀមរៀបចំដើម្បីនាំយកសាកសពជនជាតិវៀតណាមទាំង៣៩នាក់ ដែលត្រូវ​បានរកឃើញក្នុងរថយន្តកុងតឺន័រមួយគ្រឿង ក្បែរទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស កាលពីខែតុលាកន្លងទៅ ទៅកាន់ប្រទេសវៀតណាម​វិញ។

ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡុងដ៍ បានប្រាប់ថា ក្រុមមន្រ្តីរដ្ឋាភិបាលវៀតណាម ដែលត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេស កំពុងសហការសម្របសម្រួលជាមួយអាជ្ញាធរអង់គ្លេស ដើម្បីរៀបចំនាំយកសាកសពទាំងនោះត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ​ឲ្យ​បានឆាប់តាមតែអាចធ្វើទៅបាន។ ប៉ូលិសអង់គ្លេសទើបតែបានប្រកាសថា ជនរងគ្រោះទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់អស់​ហើយ រីឯគ្រួសារសាច់ញាតិរបស់ពួកគេនៅវៀតណាម ក៏ត្រូវបានជូនដំណឹងផងដែរ។

សាកសពមនុស្សទាំង៣៩នាក់ ក្នុងនោះមានបុរស៣១នាក់ និងស្រ្តី៨នាក់ ត្រូវបានគេរកឃើញក្នុងរថយន្តកុងតឺន័រមួយគ្រឿង នៅតំបន់ Essex កាលពីថ្ងៃទី២៣ ខែតុលា។ ពីដំបូងឡើយប៉ូលិសអង់គ្លេសបានសង្ស័យថា ជនរងគ្រោះទាំងនោះទំនងជាជនជាតិចិន ប៉ុន្តែ ក្រោយមកមានគ្រួសារមួយចំនួន​​នៅវៀតណាម បានចេញមុខបង្ហាញក្តីបារម្ភថា ក្នុងចំណោមនោះអាចមានសាច់ញាតិពួកគេ។ ពាក់ព័ន្ធនឹង​ករណីនេះ ជនសង្ស័យ២នាក់បានរងបទចោទប្រកាន់នៅអង់គ្លេស និងប្រមាណ០៩នាក់ ត្រូវបានចាប់ខ្លួននៅវៀតណាម។ ដោយឡែក ករណីនេះបានទម្លាយឲ្យឃើញពីហានិភ័យដ៏គ្រោះថ្នាក់ នៃការព្យាយាមធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់មកកាន់តំបន់អឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close