សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាណាព្យបាលបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ចៀសពីគ្រឿងញៀន ជំងឺកូវីដ១៩ និងបញ្ហាអវិជ្ជមានផ្សេងៗក្នុងសង្គម

63

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យមាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឲ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជមាន ក្នុងសង្គមផ្សេងៗទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនកូនក្មួយ ជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាល សូមបន្តចូលរួម និងគាំទ្រឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់ បញ្ហាដែលអាចកើតមាន នៅក្នុងសហគមន៍។ ជាមួយនេះ ខ្ញុំក៏សូមឲ្យមាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឲ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណីដឹងថា កូនចៅរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ លើកទឹកចិត្ត និង ណែនាំឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីសុំកិច្ចអន្តរាគមន៍ ដោយមិនត្រូវព្យាយាមលាក់បាំង ឬរក្សាទុក ដែលអាចបង្កគ្រោះថ្នាក់ និងភាពឈឺចាប់កាន់តែធ្ងន់ធ្ងរដល់ខ្លួនគាត់ផ្ទាល់ ក្រុមគ្រួសារ អ្នកដទៃ និងសហគមន៍។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវដល់ដៃគូទាំងអស់ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន និងសប្បុរសជននានា សូមបន្តផ្តល់ការចូលរួម គាំទ្រ និងឧបត្ថម្ភជាបន្តទៀត ដើម្បីឱ្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែមានប្រសិទ្ធភាព និងមានលទ្ធភាពក្នុងការចូលរួមជាមួយតំបន់ និងសកលលោក ក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ ពិសេសក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងណែនាំដល់គ្រឹះស្ថានអប់រំសិក្សាគ្រប់កម្រិត ឲ្យរកគ្រប់វិធីសាស្ដ្រ ក្នុងការបន្តផ្សព្វផ្សាយអប់រំ ទាំងលើបញ្ហាគ្រឿងញៀន និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានជាប្រចាំដល់សិស្ស និស្សិត ដើម្បីឲ្យពួកគេបានយល់ដឹង និងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការការពារខ្លួន និងបន្តផ្សព្វផ្សាយអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍ផងដែរ៕