ពិធីការពារសាកល្បងថ្នាក់បណ្ឌិតរបស់បេក្ខជន កាន់ ម៉ន និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

100

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ កាន់ ម៉ន ភេទប្រុស

– ជំនាញ៖ នីតិសាស្ត្រ ជំនាន់ទី៣ វគ្គ១

– ប្រធានបទ៖ ការអនុវត្តច្បាប់ស្តីពីការងារលើវិស័យកាត់ដេរនៅកម្ពុជា

– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត សំ នារី និងបណ្ឌិតសាភាចារ្យ សោម សុមុនី

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)

២. បណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី៣)

៥. បណ្ឌិត សំ នារី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

៦. បណ្ឌិតសាភាចារ្យ សោម សុមុនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

៧. បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

 

របៀបវារៈ៖

១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ

៣. ការធ្វើបទបង្ហាញរបស់បេក្ខជន

៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)

៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ

៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធី

៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតរបស់បេក្ខជន កាន់ ម៉ន ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទ “ការអនុវត្តច្បាប់ស្តីពីការងារលើវិស័យកាត់ដេរនៅកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់នូវអត្ថន័យស្តីពីកម្មករ និយោជិក អំពីការរកការងារឱ្យធ្វើ អំពីអ្វីជាភាពគ្មានការងារធ្វើ អំពីការងារដោយបង្ខំ អំពីគោលការណ៍ផ្សះផ្សាវិវាទការងារ អំពីអង្គការវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាពិសេសអំពីស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជា។ សម្រាប់គោលបំណងនៃការស្រាវជ្រាវ គឺចង់សិក្សាស្វែងយល់នូវបទពិសោធន៍អំពីវឌ្ឍនភាព នៃវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាក្នុងការប្រកួតប្រជែងទីផ្សារពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់ និងពិភាក្សាអំពីការអនុវត្តច្បាប់ស្តីពីការងារដើម្បីធានាលក្ខខណ្ឌល្អប្រសើរជូនកម្មករ និយោជិក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចាត់ទុកការកាត់បន្ថយភាពក្រីក្រ និងវិសមភាពដែលត្រូវដោះស្រាយជាបន្ទាន់ជាមួយនឹងភាពមានការងារធ្វើ និងភាពគ្មានការងារធ្វើរបស់យុវជន និងធានាបាននូវនិរន្តរភាពធុរកិច្ច ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរ សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍កម្ពុជាត្រង់គោលដៅទី១ និងគោលដៅទី៣។ ផ្នែកលើមូលដ្ឋាននៃយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រនានា ព្រោះការផ្តល់ការងារឱ្យធ្វើ និងការធានាសុខមាលភាព និងសុខដុមនីយកម្មរវាងកម្មករ និយោជិក និងនិយោជក ដែលទាំងអស់នេះ ធានាបាននិរន្តរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ លើសពីនេះ គោលបំណងសំខាន់នោះគឺ៖

– ស្វែងយល់អំពីស្ថានភាពអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា

– ស្វែងយល់អំពីអត្ថន័យការងារ ព្រមទាំងការទទួលខុសត្រូវនៃអង្គប្រតិបត្តិលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

– ស្វែងយល់អំពីស្ថានភាពទូទៅនៃការផ្តល់សេវាការងារ និងការធានាលក្ខខណ្ឌល្អប្រសើរ ដែលតម្រូវឱ្យមានការអនុវត្តច្បាប់ស្តីពីការងារ សំដៅធ្វើឱ្យមានសុខដុមនីយកម្មរវាងកម្មករនិយោជិក និង និយោជក

– ស្វែងយល់អំពីស្ថានភាពមុខរបរនៅក្នុងតំណាក់កាលអភិវឌ្ឍសម័យជឿនលឿន

– វិភាគលើចំណុចខ្លាំង និងចំណុចខ្សោយនៃការស្រាវជ្រាវនេះ ដោយធ្វើសេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ដើម្បីកែលម្អសេវាសាធារណៈ។

 

ជាលទ្ធផល គណៈកម្មការបានវាយតម្លៃកោតសរសើរ និងលើកទឹកចិត្តឱ្យបេក្ខជន ធ្វើការកែសម្រួលលើចំណុចខ្វះខាតបន្ថែមទៀត ដើម្បីឱ្យស្នាដៃស្រាវជ្រាវនេះមានលក្ខណៈវិទ្យាសាស្ត្រ ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន កាន់ ម៉ន បន្តនីតិវិធីសម្រាប់ឈានទៅធ្វើពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលបន្ទាប់៕