សម្តេចតេជោ ហ៊ុន សែន៖ កាលៈទេសៈកូវីដ១៩ ជាឱកាសដ៏ប្រសើរមួយ ដែលប្រទេសអាស៊ានត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់

47

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងកាលៈទេសៈ និងការរីករាលដាលជំងឺកូវីដ១៩ បានក្លាយទៅជាឱកាសដ៏ប្រសើរសម្រាប់ប្រទេសអាស៊ានទាំងអស់ ដែលត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) តាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្តេចតេជោ បានលើកឡើងថា៖ យើងទាំងអស់គ្នាបានដឹងហើយថា ជំងឺកូវីដ-១៩ បាននាំមកនូវផលអវិជ្ជមានធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ចសកលលោក និងតំបន់ ពិសេសតាមរយៈការបង្អាក់ ពាណិជ្ជកម្ម និងដំណើរការនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល ការបាត់បង់ការងារ និងការធ្លាក់ចុះនៃចំណូល។

សម្តេចបានបន្តថា វិបត្តិកូវីដ-១៩នេះ បានក្រើនរំលឹកជាថ្មីម្ដងទៀតដល់សហគមន៍យើងថា អាស៊ាននៅមានភាពខ្វះខាត និងពឹងផ្អែកច្រើនលើកត្តាខាងក្រៅ (external factors)។ ជាមួយនឹងនិន្នាការថ្មីដែលនាំមកដោយជំងឺកូវីដ១៩ គឺការផ្លាស់ប្តូរពីពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកលមកជាពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ អាស៊ានត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទាញយកប្រយោជន៍ជាអតិបរិមា ។

សម្តេចបានគូសបញ្ជាក់ទៀតថា ជារឿយៗ យើងតែងតែលើកឡើងថា ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន (ASEAN Intra-Trade) នៅមានកម្រិតទាប។ កាលៈទេសៈនេះជាឱកាសដ៏ប្រសើរមួយ ដែលប្រទេសអាស៊ានត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។ ក្នុងស្មារតីនេះ ប្រទេសអាស៊ានទាំងអស់ ត្រូវបង្ហាញពីឆន្ទៈមោះមុតក្នុងការបន្តលុបបំបាត់របាំងពន្ធ និងរបាំងមិនមែនពន្ធ (Tariff and non-tariff barriers) ដែលនៅសេសសល់ឱ្យបានជាអតិបរិមា៕