ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន រៀល សុភិន និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

129

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ រៀល សុភិន ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣
– ប្រធានបទ៖ គោលការណ៍វិធានការនិរន្តរាយ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត អិម វិបុល និងបណ្ឌិត ជីវ កេង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុំ ឈុំឡុង  (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន រៀល សុភិន ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “គោលការណ៍វិធានការនិរន្តរាយ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ៖
– ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីវិធានការនិរន្តរាយ ជាពិសេសគឺដើម្បីស្វែងយល់ពីដំណើរការនៃការប្រើប្រាស់វិធានការនិរន្តរាយនេះឱ្យបានច្បាស់លាស់។
– ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីនីតិវិធី និងបែបបទនៃការប្រើប្រាស់វិធានការនិរន្តរាយដែល ដំណើរការក្នុងយុត្តាធិការព្រហ្មទណ្ឌ។
– ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ ពីនីតិវិធីព្រហ្មទណ្ឌថ្មីដែលទើបតែចាប់ផ្តើមអនុវត្តដោយ តុលាការព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
– ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីមូលហេតុនៃការប្រើប្រាស់វិធានការនិរន្តរាយដែលកំពុងតែត្រូវបានអនុវត្តដោយចៅក្រមស៊ើបសួរនាពេលបច្ចុប្បន្ននេះ។
– ដើម្បីចងក្រងជាឯកសារសម្រាប់អ្នកសិក្សាស្រាវជ្រាវក៏ដូចជា សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យមានការយល់ដឹងបន្ថែមពីវិធានការនិរន្តរាយ។
– ស្វែងរកដំណោះស្រាយដែលជាបញ្ហាប្រឈមរបស់ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងជនសង្ស័យ ជាពិសេសគឺការអនុវត្តន៍វិធានការនិរន្តរាយ។

តួយ៉ាង ការសិក្សាស្រាវជ្រាវនេះបង្ហាញឱ្យឃើញអំពីសារៈប្រយោជន៍នៃវិធានការមួយក្នុងចំណោម វិធានការដ៏ទៃទៀតរបស់ចៅក្រមស៊ើបសួរ ដែលនិស្សិតច្បាប់ អ្នកសិក្សាស្រាវជ្រាវ និងអ្នកអនុវត្តតែងតែជួបគឺវិធានការនិរន្តរាយ សំដៅលើការធានាឱ្យការប្រព្រឹត្តទៅនៃដំណើរនីតិវិធីរលួនទៅបានល្អ។ ហេតុនេះ វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ សំដៅលើវិធានការទប់ស្កាត់ដើម្បីជៀងវាងផលប៉ះពាល់ ឬធានាដល់ដំណើរការនៃនីតិវិធីឱ្យសម្រេចបានគោលដៅស្វែងរកការពិតដោយរលួនទៅបានល្អប្រសើរ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន រៀល សុភិន បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕