ពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន វ៉ា សក្តា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

95

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ វ៉ា សក្តា ភេទស្រី
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ២
– ប្រធានបទ៖ វិធានគតិយុត្តិគាំពារអនីតិជនក្នុងរឿងព្រហ្មទណ្ឌ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត វ៉ាន់ ច័ន្ទតារា (ប្រធានគណៈកម្មការ)
២. បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន វ៉ា សក្តា ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “វិធានគតិយុត្តិគាំពារអនីតិជនក្នុងរឿងព្រហ្មទណ្ឌ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងសិក្សាស្រាវជ្រាវដោយផ្តោតស្វែងយល់និងចងក្រងនូវបណ្តាច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលត្រូវបានរាជរដ្ឋាភិបាលប្រគល់ទៅឱ្យសាលាដំបូងខេត្ត និងរាជធានី រហូតដល់តុលាការជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជាសម្រាប់អ្នកអនុវត្តជួយដល់អនីតិជន ជាជនរងគ្រោះ និងកុមារទំនាស់នឹងច្បាប់ឱ្យមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ជម្រុញឱ្យមានភាពស្រុះស្រួលរវាងអនីតិជនទំនាស់នឹងច្បាប់ និងជនរងគ្រោះ ការការពារជនរងគ្រោះ និងសហគមន៍នឹងជួយគាំទ្រដល់ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្មអនីតិជនទៅរស់នៅក្នុងសហគមវិញ។ ច្បាប់បានផ្តល់សិទ្ធិដល់អនីតិជនចាប់ផ្តើមពីពេលកើតមកមាន សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការការពារជាដើម។

ដោយឡែកចំពោះសារសំខាន់នៃការសិក្សាស្រាវជ្រាវទៅលើប្រធានបទ វិធានគតិយុត្តិគាំពារអនីតិជនក្នុងរឿងព្រហ្មទណ្ឌនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើនីតិវិធីច្បាប់នានាដែលមានគោលបំណងគាំពារដល់អនីតិជនដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ហើយ ដែលកំពុងអនុវត្តន៍ដោយស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន វ៉ា សក្តា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំនីតិវិធីការពារជាបន្តបន្ទាប់៕