ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ឌិន ស៊ីវុទ្ធី និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

568

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ ឌិន ស៊ីវុទ្ធី ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣
– ប្រធានបទ៖ យន្តការច្បាប់គ្រប់គ្រងដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ឈន វឿន

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ឡាច​ សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ឌិន ស៊ីវុទ្ធី ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “យន្តការច្បាប់គ្រប់គ្រងដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ។ កម្មវត្ថុក្នុងការសិក្សាស្រាវជ្រាវដើម្បីសរសេរជានិក្ខេបបទថ្នាក់បណ្ឌិតនេះ គឺមានបំណងជម្រុញដល់ការអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធភាព តម្លាភាព និងមានភាពយុត្តិធម៌នៅក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាពិសេសច្បាប់ទាក់ទងនឹងបញ្ហាដីធ្លី ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ក្នុងការរៀបចំគ្រប់គ្រងនិងដោះស្រាយនូវរាល់បញ្ហាដ៏ស្មុគ្រស្មាញដែលកំពុងកើតមាននូវបាតុភាពជាជម្លោះដ៏មានគោលបំណងស្វែងយល់និងធ្វើឱ្យសុក្រឹតថែមទៀតពីបញ្ហាច្បាប់គ្រប់គ្រង ដែលទាក់ទងនឹងសិទ្ធិកាន់កាប់បើដីធ្លីទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះសំដៅធ្វើឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញច្បាប់ភូមិបាល និងច្បាប់គ្រប់គ្រងដីធ្លីផ្សេងទៀត ដូចដែលមានចែងថា “ជនណាក៏ដោយ ទោះជាបុគ្គលក្តីជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ញាតិជាតិខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការ គាំពារនៃច្បាប់ ដែលនឹងដកហូតសិទ្ធិអំពីជនណាមួយបាននោះលុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុកហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌”។ តាមរយៈនេះការសិក្សាស្រាវជ្រាវក៏មានបំណងរកឱ្យឃើញផងដែរនូវវិស័យនៃការគ្រប់គ្រងដីធ្លីដែលបង្កើតឱ្យមានផែនការប្រើប្រាស់ដីធ្លីសម្រាប់តំបន់អាទិភាពរួមមានតំបន់ទេសចរណ៍ តំបន់បណ្តាក់ទុន ក្រុង និងផ្លូវរបៀងសំខាន់ៗព្រមទាំងការសម្របសម្រួលក្នុងការធ្វើផែនការប្រើប្រាស់ដីធ្លី ជាមួយនឹងការគ្រប់គ្រងធនធានធម្មជាតិព្រៃឈើ ជលផល ឆ្នេរ ផ្លូវទឹក រ៉ែ ឱ្យមានភាពស៊ីសង្វាក់គ្នានៅក្នុងក្របខ័ណ្ឌច្បាប់។ ការធ្វើវិមជ្ឈការគ្រប់គ្រងដីធ្លីការធ្វើផែនការឱ្យរដ្ឋអំណាចមូលដ្ឋាន និងខេត្តបន្ទាប់ពីមានការបង្កើតគោលការណ៍ណែនាំរបស់ជាតិអំពីការប្រើប្រាស់ដីធ្លី និងរចនាសម្ព័ន្ធត្រួតពិនិត្យ ហើយក៏មានបង្កើតទម្រង់បែបបទសម្រាប់ការគ្រប់គ្រងដីក្រុង និងការតាំងលំនៅដ្ឋាននៅតំបន់បែងចែកដីធ្លីផងដែរ។ លើសពីនេះដើម្បីលើកស្ទួយដល់ភាសាជាតិជាពិសេសវិស័យអក្សរសាស្រ្តសម្រាប់ទុកជាឯកសារសិក្សាស្រាវជ្រាវចំពោះកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់និងវិភាគបន្ថែមដើម្បីភាពរីកចម្រើនរបស់ជាតិខ្មែរយើងទៅអនាគត។ ព្រមទាំងសម្រាប់ផ្តល់ចំណេះដឹងផ្នែកច្បាប់ នីតិវិធីគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ឌិន ស៊ីវុទ្ធី បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕