ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន គង់ តារ៉ាឆាត និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

75

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ គង់ តារ៉ាឆាត ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣
– ប្រធានបទ៖ តួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងរឿងព្រហ្មទណ្ឌនៅតុលាការខេត្ត-ក្រុង
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ថ្នាក់បណ្ឌិតរបស់បេក្ខជន គង់ តារ៉ាឆាត ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “តួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងរឿងព្រហ្មទណ្ឌនៅតុលាការខេត្ត-ក្រុង” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងសិក្សាស្រាវជ្រាវដើម្បីជាប្រយោជន៍ជាតិ ហើយក៏ជាកាតព្វកិច្ចផ្ទាល់របស់ខ្លួនផងដែរ។ លើសពីនេះ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅថែមទៀតអំពីនីតិវិធីព្រហ្មទណ្ឌនៅព្រះរាជាណាចក្រកម្ពុជាដែលបាននឹងកំពុងអនុវត្តសព្វថ្ងៃនេះ និងបណ្ដាវិធានទាំងឡាយសម្រាប់ធ្វើការផ្តន្ទាទោសដល់ជនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដើម្បីជាការទប់ស្កាត់ជនទាំងឡាយណាដែលមានបំណងប្រព្រឹត្តបទល្មើស ជាវិធានការទាំងឡាយដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះការពារផលប្រយោជន៍សាធារណៈរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ។

ចំពោះសារសំខាន់នៃការសិក្សាស្រាវជ្រាវនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងរឿងព្រហ្មទណ្ឌនៅតុលាការខេត្ត-ក្រុង ហើយក៏ធ្វើការស្វែងយល់ឱ្យបានស៊ីជម្រៅពីការស្វែងរកភស្តុតាង និងការពិនិត្យស្វែងរកបទល្មើសដែលបានកើតឡើងមួយទៀតក្នុងការស៊ើបអង្កេតករណីបទល្មើសជាក់ស្តែងនៅក្នុងរឿងព្រហ្មទណ្ឌ។ មួយវិញទៀត ក៏អាចជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ និងជួយជាប្រយោជន៍ដល់សង្គមផងដែរ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន គង់ តារ៉ាឆាត បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕