ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន លាវ ស្រេង និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

146

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ លាវ ស្រេង ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣
– ប្រធានបទ៖ យន្តការទប់ស្កាត់ពលកម្មកុមារ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត វ៉ាន់ ច័ន្ទតារា និងបណ្ឌិត អ៊ុំ ប៉ុម

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន លាវ ស្រេង ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “យន្តការទប់ស្កាត់ពលកម្មកុមារ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺដើម្បីស្វែងយល់ពីស្ថានភាពការងាររបស់កុមារនៅក្នុងតាមសហគមន៍ ដែលត្រូវបានប្រើប្រាស់ក្នុងការងារដែលជាមូលហេតុជំរុញអោយកុមារធ្លាក់ចូលក្នុងទំរង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងផលប៉ះពាល់នៃពលកម្មកុមារ។ ក្រៅពីនេះគោលបំណងជាក់លាក់នៃការសិក្សាមានដូចខាងក្រោម ៖
– ស្វែងយល់ពីស្ថានភាពជាក់លាក់នៃពលកម្មកុមារ និងស្ថានភាពការសិក្សារបស់កុមារនៅក្នុងសហ គមន៍។
– កំណត់ពីបញ្ហានៃពលកម្មកុមារចំពោះការសិក្សារបស់កុមារ ដូចជា វត្តមានរបស់កុមារក្នុងសាលាកំរិតនៃការបោះបង់ការសិក្សា កំរិតនៃការបញ្ចប់ការសិក្សា។ល។
– ផ្តល់នូវអនុសាសន៍មួយចំនួនសំរាប់សហគមន៍ សង្គមស៊ីវិល និងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ
ផ្សេងៗទៀតដើម្បីទប់ស្កាត់និងលប់បំបាត់ពលកម្មកុមារ។

ចំពោះសារសំខាន់នៃការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើនីតិវិធីច្បាប់នានាដែលមានគោលបំណងគាំពារដល់អនីតិជន ដែលមានចែងនៅក្នុងព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ហើយដែលកំពុងអនុវត្តន៍ដោយស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនោះ ក៏បានផ្តល់នូវលទ្ធផលដ៏ក្បោះក្បាយទាំងព័ត៌មានគុណភាព និងបរិមាណ ដែលពណ៌មានអំពីស្ថានភាពពលកម្មកុមារ និងផលប៉ះពាល់នៃពលកម្មកុមារទៅលើសុខភាពកុមារ និងការសិក្សារបស់កុមារ។ល។ ព័ត៌មានស្ថិតិដែលមានក្នុងនិក្ខេបបទស្តីពីពលកម្មកុមារក្នុងនេះនឹងក្លាយជាប្រយោជន៍ដល់អ្នកធ្វើគោលនយោបាយ និស្សិត អ្នកស្រាវជ្រាវ និងអ្នកប្រើប្រាស់ដីទៃទៀត សម្រាប់ធ្វើគោលនយោបាយ និងផែនការសកម្មភាពអន្តរគមន៍ ហើយនឹងត្រូវបានប្រើប្រាស់សម្រាប់បង្កើនការយល់ដឹងការគាំទ្រដើម្បីឈានទៅរកការលប់បំបាត់ពលកម្មកុមារកម្ពុជា។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន លាវ ស្រេង បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕