ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ប៉ែន សារ៉ាត និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

108

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ ប៉ែន សារ៉ាត ភេទប្រុស

– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣

– ប្រធានបទ៖ អំពើឆក់

– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឯក ឆេងហួត និងបណ្ឌិត ឡុង ដារ៉ា

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)

២. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. បណ្ឌិត ឡុង ដារ៉ា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

៥. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖

១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ

៣. ការធ្វើបទបង្ហាញរបស់បេក្ខជន

៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)

៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ

៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធី

៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ប៉ែន សារ៉ាត ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “អំពើឆក់” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវប្លង់លម្អិតថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវ និងតាក់តែងនិក្ខេបបទនេះ គឺធ្វើឡើងក្នុងគោលបំណង៖

១. ស្វែងរកផលវិបាកនៃការអនុវត្ត ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ក្នុងការធ្វើការចោទប្រកាន់ និងផ្តន្ទាទោសឱ្យត្រឹមត្រូវតាមធាតុផ្សំបទល្មើសនៃអំពើធក់។

២. គឺចង់ញែកបទល្មើសអំពើឆក់ (ចោរឆក់ក្នុងអំពើចោរកម្ម) ចេញពីការលួច (អំពើលួច) ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។

៣. ដើម្បីបង្ការងាយស្រួលដល់មន្ត្រីអនុវត្តច្បាប់ ក្នុងការកំណត់បទល្មើសធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពីបទព្រហ្មទណ្ឌ ឱ្យបានត្រឹមត្រូវតាមគោលការណ៍ធាតុផ្សំបទល្មើស នៃអំពើនោះច្បាស់លាស់ ចៀសវាងការចោទប្រកាន់ជនល្មើស ដែលប្រើធាតុផ្សំនៃបទល្មើសបែបសន្និដ្ឋាន ធៀបទៅនឹងបទល្មើសប្រហាក់ប្រហែល។ ជាក់ស្តែងបច្ចុប្បន្ននេះការចោទប្រកាន់ និងការផ្តន្ទាទោសចំពោះបទល្មើស “អំពើឆក់” (ចោរឆក់) គឺបទអំពើលួច (ការលួច) ដែលភាគច្រើនតែងតែមានប្រតិកម្មពីសង្គម (ទស្សនាមហាជន សមត្ថកិច្ច) និងជនដែលត្រូវចោទផងដែរ។

៤. ដើម្បីឱ្យស្របតាមមាត្រា៣-គោលការណ៍នីត្យានុកូលភាព (ក្រមព្រហ្មទណ្ឌឆ្នាំ២០១០) “មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសបាន” និង “មានតែទោសដែលមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន។”។

៥. ជួយជំរុញវិធីសាស្រ្តដំណាក់កាលនៃការរីកចំរើនផ្នែកបច្ចេកវិទ្យានីតិសាស្រ្ត។ ការសិក្សាស្រាវជ្រាវគឺផ្តោតសំខាន់៖

ក)ទិដ្ឋភាពវិទ្យាសាស្ដ្រ គឺស្វែងរកមូលហេតុដែលនាំឱ្យកើតមានបទល្មើសអំពើឆក់ (ចោរឆក់) និងឥទ្ធិពលនៃផលប៉ះពាល់របស់វា។

ខ)ទិដ្ឋភាពសង្គម គឺស្វែងរកវិធីសាស្រ្តដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប ការកាត់បន្ថយអំពើ និងដំណោះស្រាយដែលបានចោទសួរក្នុងចំណោទបញ្ហា។

ការសិក្សាស្រាវជ្រាវប្រធានបទស្តីពី “អំពើឆក់” នឹងទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់លើកកម្ពស់ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសការងារដល់អ្នកច្បាប់ខ្មែរដូចជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី និងមន្រ្តីអនុវត្តច្បាប់ផ្សេងទៀត ដែលប្រកបវិជ្ជាជីវៈទាក់ទង និងវិស័យច្បាប់។ ការផ្ទេរនិងការទទួលនូវបទពិសោធន៍ថ្មីៗ នៅក្នុងកិច្ចការច្បាប់គឺជាមធ្យោបាយមួយដ៏មានសក្តានុពល។ នៅតាមសាលាក្តីមួយចំនួន ចៅក្រមនិងព្រះរាជអាជ្ញា នៅមានភាពមិនច្បាស់លាស់នៅឡើយក្នុងការប្រើប្រាស់ វាក្យស័ព្ទគតិយុត្ត ដែលពាក្យខ្លះមានន័យច្រើនអាចនាំឱ្យមានការច្របូកច្របល់គ្នា។ ផលនៃការសិក្សាស្រាវជ្រាវប្រធានបទនេះអាចបំពេញនូវចំណុចខ្វះខាតដល់មន្ត្រីអនុវត្តច្បាប់ ក្នុងគោលដៅកំណត់ឱ្យជាក់លាក់នូវវាក្យស័ព្ទគតិយុត្ត។ ទាំងនេះជាការងារយូរអង្វែងមួយដែលម្នាក់ៗ ត្រូវតែចូលរួមព្យាយាមសាកល្បងប្រើប្រាស់ពាក្យច្បាប់ ទាក់ទងនឹងស្ថានភាពមួយដែលខ្លួនត្រូវប្រឈមមុខ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ប៉ែន សារ៉ាត បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕