ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង

75

(កំពង់ស្ពឺ)៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង។

លោកថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នាយទាហានជំនាន់មុន បានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋានៃស្មារតីឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្តែង»។

លោកបន្ថែមថា ការហ្វឹកហ្វឺនពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុត ដែលធ្វើឱ្យកងទ័ពរបស់យើងខ្លាំង ហើយអាចការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរ គឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង៕